(ប៉េកាំង)៖ ទីក្រុងប៉េកាំងសង្ឃឹមថា សហរដ្ឋអាមេរិកអាចដោះស្រាយបញ្ហាកោះតៃវ៉ាន់បានដោយសមរម្យ និងត្រឹមត្រូវ ដោយអនុឡោមទៅតាមគោលនយោបាយចិនតែមួយ។ នេះបើតាមការបញ្ជាក់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រាប់ទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
យោតាមសេចក្តីរាយការណ៍របស់ស្ថានីយ៍ទូរទស្សនរដ្ឋចិន ស្តីពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំនៃប្រទេសទាំងពីរនាថ្ងៃចន្ទនេះ លោក ស៊ី បានថ្លែងប្រាប់ទៅកាន់លោក ត្រាំ ថា កត្តាអវិជ្ជមានមួយចំនួន បានបង្កផលប៉ះពាល់អាក្រក់ដល់ទំនាក់ទំនង អាមេរិក-ចិន ហើយទីក្រុងប៉េកាំងក៏បានបង្ហាញពីគោលជំហររបស់ខ្លួន ដល់សហរដ្ឋអាមេរិករួចរាល់ហើយដែរ។
នាឱកាសនោះ លោក ស៊ី និងលោក ត្រាំ ក៏បានជជែកពិភាក្សាអំពីសន្តិភាព និងស្ថិរភាពនៃតំបន់ឧបទ្វីបកូរ៉េផងដែរ ក៏ប៉ុន្តែសេចក្តីរាយការណ៍របស់ស្ថានីយ៍ទូរទស្សន៍រដ្ឋចិននេះ ក៏ដូចជាសេចក្តីថ្លែងការណ៍របស់សេតវិមានអាមេរិក មិនបានធ្វើការបញ្ជាក់ឲ្យបានលម្អិត អំពីកិច្ចសន្ទនារវាងមេដឹកនាំទាំងពីរជុំវិញបញ្ហាកូរ៉េខាងជើងនោះឡើយ។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះសហរដ្ឋអាមេរិកបានប្រកាសអំពីគម្រោងលក់សព្វាវុធ ដែលរួមមានមីស៊ីលទំនើបចម្រុះជិត ២០០គ្រាប់ ក្នុងតម្លៃជាង ១.៤ពាន់លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់ និងបានសម្រេចដាក់ទណ្ឌកម្មប្រឆាំងទៅលើធនាគារ និងក្រុមហ៊ុនមួយចំនួនរបស់ចិនថែមទៀត ក្រោមហេតុផលចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងកម្មវិធីអាវុធប្រល័យលោករបស់កូរ៉េខាងជើង ដែលទង្វើនេះបានបង្កឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង រង្គាសចិត្ត និងសម្តែងការតវ៉ាជាខ្លាំង៕