(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានប្រារព្ធខួបកំណើតនៃការបង្កើត «កងកម្លាំងយុទ្ធសាស្ត្រទទួលបន្ទុកអភិវឌ្ឍន៍មីស៊ីលផ្លោង» ដោយថែមទំាងបាននិយាយទៀតថា មីស៊ីលរបស់ខ្លួនអាចបាញ់ដល់គ្រប់ទីកន្លែងទំាងអស់ នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
ការអះអាងបែបនេះពីសំណាក់កូរ៉េខាងជើង កើតមានឡើងនៅចំពេលក្រុមមន្ត្រីអាមេរិកសន្និដ្ឋានថា កូរ៉េខាងជើង អាចនឹងបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាលើកដំបូងនៅក្នុងឆ្នាំ២០១៧នេះ ខណៈក្រុមអ្នកជំនាញមួយចំនួនយល់ថា ទីក្រុងព្យុងយ៉ាងទំនងជាអាចនឹងផលិតបានមីស៊ីល ICBM បាញ់ដល់សហរដ្ឋអាមេរិកយ៉ាងយូរនៅឆ្នាំ២០២០។ មិនតែប៉ុណ្ណោះពួកគេក៏រំពឹងដែរថា របបដឹកនាំលោក គីម ជុងអ៊ុន អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឬមីស៊ីលផ្លោងចំថ្ងៃដែលមេដឹកនាំពិភពលោក ចូលរួមក្នុងកិច្ចប្រជុំ G20 នៅឯទីក្រុង Humberg ប្រទេសអាល្លឺម៉ង់នៅថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែកក្កដានេះ។
ដោយឡែកជាទម្លាប់ដូចសព្វដង សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun នៅក្នុងបទវិចារណកថារបស់ខ្លួនបានលើកឡើងយ៉ាងដូច្នេះថា «កងកម្លាំងយុទ្ធសាស្ត្រដែលជាទីស្រឡាញ់នៃប្រជាជនកូរ៉េខាងជើង គឺជាមោទនភាព និងឥទ្ធិពលរបស់មាតុភូមិយើង ជាមួយនឹងគ្រាប់មីស៊ីលដែលអាចបាញ់ដល់គោលដៅ សត្រូវ គ្រប់ទីកន្លែងទំាងអស់នៅលើពិភពលោក»។
គួររំលឹកថា កាលពីខែមិថុនា ឆ្នាំ២០១៦ សភាកំពូលប្រជាមាតិកូរ៉េខាងជើង បានសម្រេចយកថ្ងៃទី០៣ ខែកក្កដា ជាថ្ងៃកំណើតបង្កើតកងកម្លាំងយុទ្ធសាស្ត្រកូរ៉េខាងជើង ក្រោយត្រូវបានបង្កើតកាលពីឆ្នាំ១៩៩៩។ ក៏ប៉ុន្តែអ្វីដែលចម្លែកនោះគឺថា នៅក្នុងឱកាសនៃខួបកំណើតនេះ ទីក្រុងព្យុងយ៉ាងមិនបានផ្ញើសារគំរាម ឬក៏ប្រឆាំងនឹងសហរដ្ឋអាមេរិកនោះឡើយ៕