(ប្រ៊ីសបេន)៖ ជំនួបប្រកួតរវាងជើងខ្លាំង Manny Pacquiao ទល់នឹងអតីតគ្រូបង្រៀន Jeff Horn ដែលត្រូវបានគេឲ្យ ឈ្មោះថា «ចម្បាំងប្រចាំទីក្រុង Brisbane» នោះ ត្រូវបានបញ្ចប់ទៅដោយមានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងចាស់ដៃពី សំណាក់អ្នកគាំទ្រជុំវិញពិភពលោក បណ្តាញផ្សព្វផ្សាយ និងអ្នកមានអាជីពប្រដាល់ សកលដូចគ្នាផងដែរ ដែលបាន ដាក់ពិន្ទុឲ្យ Horn ឈ្នះម្ចាស់ខ្សែក្រវាត់ Pacquiao ដោយពិន្ទុឯកច្ឆន្ទ។
អ្នកគាំទ្រដែលបានតាមដានទស្សនានៃការប្រកួតមិនដាក់ភ្នែកនាព្រឹកថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញ នេះ សុទ្ធតែគិតថា ១០០% កីឡាករហ្វីលីពីន វ័យ៣៨ឆ្នាំ Pacquiao ឈ្នះ Horn ដោយពិន្ទុ បន្ទាប់ពីម្ចាស់ខ្សែក្រវាត់ ទម្ងន់មធ្យមពិភពលោក WBO welterweight (65-66.7kg) បានប្រើកណ្តាប់ដៃវ៉ៃយ៉ាងសន្ធាប់ទៅលើម្ចាស់ផ្ទះ អូស្រ្តាលី Horn ចាប់តាំងពីទឹកទី២មក និងកីឡាករវ័យ២៩ឆ្នាំស្ទើរតែសន្លប់ចុងទឹកទី៩ថែមទៀតផង។
ម្ចាស់ Account Facebook ដែលមានឈ្មោះថា រាជសី អង្គរ បានធ្វើការរិះគន់លទ្ធផលនៅលើ Page Fresh News ថា «មិនយុត្តិធម៏ទេ គ្មានកន្លែងណាដែលវៃអោយប៉ាគីអាវអោយធ្ងន់ធ្ងរទេ រយះក្បាលគឺដោយសាដោយកែងទេ» ទន្ទឹមគ្នានោះ ភិន សុភា ក៏បានលើកឡើងដែរថា «វៃម្ចាស់ខ្សែក្រវ៉ាតមិនដួលផងបែរជាម្ចាស់ខ្សែរក្រវ៉ាត់វៃអោយបាត់បង់ស្មារតីនៅទឹកទី9ស្ទើរសន្លប់បែរអោយឈ្នះទៅរួច»។
ងាកទៅមើលអ្នកជំនាញវិភាគនៃបណ្តាញទូរទស្សន៍កីឡាដ៏ល្បី ESPN របស់អាមេរិកក៏បានធ្វើការដាក់ពិន្ទុ Pacquiao ឈ្នះ Horn ដោយពិន្ទុ ១០៦ ទល់នឹង ១០២ គ្រាដែល ៥ទឹកដំបូងពោលចាប់ពីទឹកទី២ ដល់ទឹកទី៦ Pacquiao វ៉ៃបាន ពិន្ទុពេញៗ ១០ទាំងអស់ និងរឹតតែធ្វើបានល្អ វ៉ៃ Jeff Horn ស្ទើរតែសន្លប់ក្នុងទឹកទី៩ ដោយកីឡាករវ័យចំណាស់ Pac Man ធ្វើមិនបានល្អ ដោយចាញ់ពិន្ទុ Horn តែ៤ទឹកប៉ុណ្ណោះ ក្នុងការប្រកួតចំនួន១២ទឹកពេញ នៅសង្វៀន Suncorp Stadium ស្ថិតក្នុងទីក្រុង Brisbane រដ្ឋ Queensland នៃប្រទេសអូស្រ្តាលី។
រីឯបណ្តាញគេហទំព័រ កីឡាប្រដាល់ពិភពលោក (worldboxingnews) ក៏បានធ្វើការដាក់ពិន្ទុសរុប Pac Man ឈ្នះ Horn ដោយលទ្ធផល ១១៦ ទល់នឹង ១១១ផងដែរ ផ្ទុយពីចៅក្រមទាំងបីដែលបានដាក់ពិន្ទុឲ្យ Horn ឈ្នះកំពូលអ្នក ប្រដាល់ប្រចាំអាស៊ី Manny Pacquiao ដោយលទ្ធផល ១៧៧-១១១ ១១៥-១១៣ និង ១១៥-១១៣ ទៅវិញ ខណៈអតីតកីឡាករប្រដាល់ដ៏ល្បីឈ្មោះ Lennox Lewis ក៏បានភ្ញាក់ផ្អើលចំពោះលទ្ធផល ១១៧-១១១ ដែលចៅក្រម ម្នាក់ដាក់ពិន្ទុផងដែរ ដោយបានសរសេរបង្ហោះនៅលើ Instagram ថា «អស្ចារ្យ! PAC ចាញ់ដោយពិន្ទុឯកច្ឆន្ទ? ចៅក្រម១រូបដាក់ពិន្ទុ ១១៧-១១១ នេះជាការប្រកួតដែលខ្ញុំមិនដែលឃើញនាពេលកន្លងមក»។
Instagram ដែលមានឈ្មោះថា Robert Flores ក៏បានសរសេរបង្ហោះដែរថា «ជ័យជំនះរបស់ Manny ត្រូវបានគេប្លន់ ជាលើកទី២ហើយ ជាមួយលទ្ធផលឈ្នះដាច់ទៅលើកីឡាករអាមេរិក Timothy Bradley កាលពីឆ្នាំ២០១២»។ មួយវិញទៀត Instagram ឈ្មោះ Park Jimin ក៏បានសរសេរបង្ហោះដែរថា «ព័ត៌មានទាន់ហេតុការណ៍ ចាប់ពីពេលនេះ តទៅ ប្រដាល់លែងមានភាពសុក្រិតទៀតដូចកីឡាដទៃហើយ ដោយបានក្លាយទៅជាពាណិជ្ជកម្មអស់ហើយ»៕
តែយ៉ាងណាក៏ដោយ មតិរិះគន់នៅតែកើតមានឡើង និងនិយាយមិនដាច់ពីមាត់ចំពោះការបរាជ័យដោយបាត់បង់ខ្សែក្រវាត់ WBO welterweight ពីសំណាក់ Idol របស់ពួកគេ ដោយពុំអាចកែប្រែលទ្ធផលបានឡើយ តែអ្វីដែលសំខាន់ កីឡាករកម្ពស់ ១.៧៥ម៉ែត្រ Jeff Horn នៅតែបើកចំហរចំពោះការសុំសងសឹកពីសំណាក់ Manny Pacquiao និងសាកកណ្តាប់ទល់នឹងជើងខ្លាំងមិនដែលចាញ់ Floyd Mayweather ផងដែរ។ Horn ថ្លែងក្នុងបទសម្ភាសន៍ ក្រោយពីទទួលបានជ័យជំនះ៕