(ថៃ)៖ យ៉ាងហោចណាស់ ក៏មានពលករខ្មែរចំនួន២០នាក់ បានរងរបួសដោយឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តស្រះកែវ ខណៈដែលពួកគេកំពុងធ្វើដំណើរវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ ការវិលត្រឡប់មកស្រុកកំណើតវិញរបស់ពលករខ្មែរ បានធ្វើឡើងស្របពេលដែលច្បាប់នៅក្នុងប្រទេសថៃ កំពុងធ្វើការរឹតបន្តឹងទៅលើជនអន្តោប្រវេសន៍។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយសារមានរថយន្តមួយគ្រឿងទៀត មកបុកពីចំហៀងបណ្តាលឲ្យរេធ្លាក់ ចេញពីផ្លូវតែម្តង នៅលើកំណាត់ផ្លូវសុវណ្ណនគរ ស្ថិតនៅត្រង់ចំណុចបានផៈកៈ ក្នុងភូមិ៣ ឃុំវឌ្ឍនានគរ ស្រុកវឌ្ឍនានគរ ខេត្តស្រះកែវ ប្រទេសថៃ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ។
តាមប្រភពព័ត៌មានរបស់សមត្ថកិច្ចថៃ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅវេលាម៉ោង ១១ និង៤៥ នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ លើកំណាត់ផ្លូវសុវណ្ណនគរ ត្រង់ចំណុច បានផៈកៈ ក្នុងភូមិ៣ ឃុំវឌ្ឍនានគរ ស្រុកវឌ្ឍនានគរ ខេត្តស្រះកែវ ប្រទេសថៃ។
លោក ធនេត្រ សែងច័ន្ទ អាយុ៤៤ឆ្នាំ អ្នកបើកបររថយន្តតួរីសដែលពាក់ស្លាកលេខបាងកក ៤៣២៥ បានរៀបរាប់ថា រថយន្តរបស់លោកត្រូវបាន ក្រុមពលករខ្មែរ ដែលមកធ្វើការនៅក្នុងប្រទេសថៃចំនួន២០នាក់ ជួលម៉ៅផ្តាច់ដើម្បីដឹកពួកគេចេញពីចំណុចព្រះរាម៩ទៅកាន់ផ្សាររុងក្លឿ ក្នុងទឹកដីអារញ្ញប្រៈថេត ដោយពួកគេត្រូវឆ្លងដែនទៅស្រុកកំណើតវិញ។
អ្នកបើកបររូបនេះបានបន្តថា លុះពេលកំពុងបើកមកដល់ត្រង់ចំណុចខាងលើ ដែលជាចំណុចផ្លូវខ្វែង ស្រាប់តែមានរថយន្តតូយូតា វីហ្គូ មួយគ្រឿង ពាក់ស្លាកលេខ ស្រះកែវ៥៩២០ បានបើកមកយ៉ាងលឿនហើយបានបុកទៅលើកន្ទុយរថយន្តរបស់លោក បណ្តាលអោយរថយន្តជ្រុលធ្លាក់ទៅក្នុងប្រឡាយទាំងពីរគ្រឿង ព្រមទាំងបានបង្កឲ្យពលករខ្មែរទាំងនោះរងរបួសជាច្រើននាក់ ព្រោះរថយន្តរបស់លោកបានបោកទៅនឹងបង្គោលភ្លើងបន្ថែមទៀត ធ្វើអោយរួញសឹងពាក់កណ្តាល ។
ក្រោយកើតហេតុសមត្ថកិច្ចថៃ បានចុះទៅត្រួតពិនិត្យ គឺសង្គេតឃើញថា មានអ្នករងរបួសធ្ងន់ ស្រាលសរុបចំនួន១៣នាក់ ព្រមទាំងបានបញ្ជូន ទៅកាន់មន្ទីរពេទ្យស្រុកវឌ្ឍនានគរដើម្បីសង្គ្រោះដោយសមត្ថកិច្ចបានសន្និដ្ឋានថា មួយរយៈនេះក្រោយពីច្បាប់អន្តោប្រវេសន៍ត្រូវបានរឹតបន្តឹង គឺបានធ្វើអោយពលករខ្មែរ ឡាវ និង ភូមា វិលត្រឡប់ទៅកាន់ស្រុកកំណើតយ៉ាងពពាក់ពពូន ដូច្នេះចំពោះអ្នកបើកបររថយន្តបង្ក វីហ្គូ អាចមិនសូវ បានសម្រាកទើបបើករថយន្តទាំងងងុយដេក ដោយបច្ចុប្បន្នក្រុមតម្រួតថៃ បាននាំយករថយន្តទៅរក្សាទុកដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕