(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំចិនលោក ស៊ី ជិនពីង នាថ្ងៃចន្ទនេះ បានជួបពិភាក្សាគ្នាតាមទូរស័ព្ទពាក់ព័ន្ធនឹងបញ្ហាសំខាន់ជាច្រើន ជាពិសេសពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានអាមេរិក មេដឹកនាំនៃប្រទេសទាំងពីរបានគូសបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក និងប្រទេសចិនក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីតំបន់ឧបទ្វីបកូរ៉េ។ ម៉្យាងវិញទៀតលោក ត្រាំ និងលោក ស៊ី ក៏បានឆ្លៀតឱកាសជជែកពិភាក្សាអំពីបញ្ហាទ្វេភាគីក៏ដូចជាបញ្ហាអន្តរជាតិជាច្រើនផ្សេងទៀតផងដែរ ស្របពេលដែលលោកប្រធានាធិបតីអាមេរិក បានបង្ហាញពីគោលជំហរយ៉ាងរឹងរាំរបស់លោកម្តងទៀត ដើម្បីស្វែងរកទំនាក់ទំនងពាណិជ្ជកម្ម ដែលមានតុល្យភាពជាងមុនជាមួយបណ្តាដៃគូពាណិជ្ជកម្មរួមមានចិនជាដើម។
គួរបញ្ជាក់ថា ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ ក៏បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ជុំវិញការប្តេជ្ញានឹងដាក់សម្ពាធកាន់ខ្លាំងជាងមុនថែមទៀត លើទីក្រុងព្យុងយ៉ាងផងដែរ។ ដោយឡែកការពិភាក្សាគ្នារវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីន ពីចម្ងាយនាថ្ងៃចន្ទនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានថ្លែងថា ចិនបានបរាជ័យក្នុងការដាក់សម្ពាធទៅលើកូរ៉េខាងជើង៕