(រីយ៉ាដ)៖ បណ្ដាប្រទេសអារ៉ាប់ទាំងបួន ដែលបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា នៅថ្ងៃចន្ទនេះ បានសម្រេចចិត្តបន្តរយៈពេល ៤៨ម៉ោងបន្ថែមទៀត តាមសំណើរបស់រដ្ឋាភិបាលគុយវ៉ែត ដើម្បីឱ្យទីក្រុងដូហា គិតគូរឡើងវិញ និងអនុវត្តន៍តាមសំណើទាំង ១៣ចំណុចរបស់ខ្លួន។ ឱសានវាទនៃការទទួលយកលក្ខខណ្ឌទាំងនេះ បានអស់សុពលភាពកាលពីយប់ថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
ជុំវិញសង្រ្គាមការទូតនេះដែរ ដោយសារតែមានការសម្របសម្រួលពីគុយវ៉ែត ទើបអារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានទុកផ្លូវឱ្យកាតាត្រឡប់មកត្រូវគ្នាឡើងវិញ តាមរយៈការអនុត្ដន៍លក្ខខណ្ឌទំាង ១៣ចំណុច ក្នុងនោះរួមមាន ការបិទសា្ថនីយ៍ទូរទស្សន៍ Al-jazeera, ការបិទមូលដ្ឋានទ័ពតួកគី និងការផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ជាដើម ហើយទីក្រុងដូហា មានរយៈពេល១០ថ្ងៃដើម្បីផ្ដល់ចម្លើយ ពោលគឺគិតត្រឹមយប់ថ្ងៃអាទិត្យម្សិលមិញ បើពុំដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្ម។ ប៉ុន្តែបើទោះដឹងថា នឹងត្រូវប្រឈមមុខនឹង ទណ្ឌកម្មពីសំណាក់បណ្ដាប្រទេសអារ៉ាប់ទាំងនេះក៏ដោយ ក៏រដ្ឋមន្ត្រីការបរទេសកាតា ព្រះអង្គម្ចាស់ Mohammed bin Abdulrahman Al Thani នៅតែបញ្ជាក់ថា ទីក្រុងដូហាមិនអាចទទួលយកបានឡើយ លក្ខខណ្ឌទំាង១៣ចំណុច ត្បតិវាគឺផ្ទុយទំាងស្រុងទៅនឹងច្បាប់អន្តរជាតិ ក៏ដូចជារំលោភលើដែនអធិបតេយ្យភាពកាតា។
ការថ្លែងបែបនេះរបស់ព្រះអង្គម្ចាស់ Al Thani ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីចុងមុនសប្ដាហ៍។ ថ្លែងនាឱកាសនោះដែរ ព្រះអង្គម្ចាស់ Al Thani បានលើកឡើងយ៉ាងដូច្នេះថា «លក្ខខណ្ឌនៃសំណើទំាង ១៣ចំណុចនឹងត្រូវបានបដិសេធ ហើយវាក៏គ្មានន័យអ្វីត្រូវទទួលយក ឬក៏ចរចាដែរ ពីព្រោះយើងបានចាត់ទុកថា សំណើទំាងនេះគឺជាការដាក់ទណ្ឌកម្មមកលើប្រទេសរបស់យើង ជាជាងពួកភេរវករ ព្រមទាំងរំលោភលើច្បាប់អន្តរជាតិ, ធម្មនុញ្ញអង្គការសហប្រជាជាតិ និងដែនអធិបតេយ្យភាពកាតា (...) ទោះបីជាយ៉ាងណា យើងនៅតែបញ្ជាក់ឡើងវិញថា យើងរក្សាជានិច្ចការដោះស្រាយវិបត្តិបច្ចុប្បន្ន តាមរយៈកិច្ចសន្ទនា»។
គួររំលឹកថា កាលពីថ្ងៃទី០៥ ខែមិថុនា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា ដោយចោទប្រទេសនេះថា បានផ្ដល់ហិរញ្ញវត្ថុ និងគំាទ្រពួកភេរវករ បើទោះជាទីក្រុងដូហា បានបដិសធជាច្រើនដងក៏ដោយ ហើយមកទល់ពេលនេះមានតែតួកគីមួយគត់ ដែលតែងតែបានចេញមុខគ្រាំទ្រកាតា៕