ករណីបាញ់ប្រហារកើតឡើង នៅមុខព្រះវិហារអ៊ីស្លាមនៃភាគនិរតីបារាំង «បណ្តាលឲ្យមនុស្ស០៨នាក់របួស» ខណៈប៉ូលិសអះអាងថា មិនមែនជាភេរវកម្ម!
03-07-2017 10:56
(ប៉ារីស)៖ ករណីបាញ់ប្រហារមួយបានកើតមានឡើង នៅខាងមុខព្រះវិហារអ៊ីស្លាមមួយកន្លែង ក្នុងទីក្រុង Avignon ភាគអាគ្នេយ៍នៃប្រទេសបារាំង និងបានបណ្តាលឲ្យមនុស្សចំនួន០៨នាក់ទទួលរងរបួស កាលពីវេលារាត្រីថ្ងៃអាទិត្យ (ពេលវេលានៅតំបន់កើតហេតុ)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
ជុំវិញករណីនេះ ការិយាល័យរដ្ឋអាជ្ញាប្រចាំតំបន់ មិនបានយល់ឃើញថា វាគឺជាអំពើភេរវកម្មនោះឡើយ ដោយលើកឡើងថា «តាមអ្វីដែលយើងបានដឹងចុងក្រោយបំផុត ព្រះវិហារ Arrahma ពុំមែនជាគោលដៅនោះឡើយ ទោះករណីបាញ់ប្រហារនេះបានកើតឡើងនៅលើដងវិថី ក្បែរទីនោះយ៉ាងណាក្តី»។ ម៉្យាងវិញទៀត យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានបារាំង La Provence នាថ្ងៃចន្ទនេះ ប៉ូលិសមានការសង្ស័យថា ហេតុការណ៍នេះបានបង្កឡើង ដោយសារតែជម្លោះឈ្លោះទាស់ទែងគ្នាប៉ុណ្ណោះ។
គួរបញ្ជាក់ថា យោងតាមសាក្សីជាច្រើននាក់ ករណីបាញ់ប្រហារខាងលើ បានចាប់ផ្តើមឡើងនាវេលាម៉ោងប្រមាណ ១០៖៣០នាទីយប់ថ្ងៃអាទិត្យ នៅពេលដែលខ្មាន់កាំភ្លើងពីររូប ដែលមុខរបស់ពួកគេបានបិទបាំងជិត បានចុះពីលើរថយន្តមួយគ្រឿង ហើយបើកការបាញ់រះទៅលើអ៊ីស្លាមសាសនិក ដែលកំពុងធ្វើដំណើរចាកចេញពីព្រះវិហារ Arrahma។ ជាមួយគ្នាការស៊ើបអង្កេតព្រហ្មទណ្ឌក៏កំពុងប្រព្រឹត្តទៅ ហើយប៉ូលិសក៏កំពុងបន្តតាមស្វែងរកមុខ ក៏ដូចជាចាប់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើងទាំងពីរនាក់ផងដែរ៕