(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានសម្រេចចិត្តបញ្ជូននាវា និងយន្ដហោះចម្បាំងជាច្រើនគ្រឿង ទៅកំញើញនាវាពិឃាតអាមេរិក USS Stethem ដែលកំពុងធ្វើការចល័តនៅចំងាយប្រមាណជា ២២គីឡូម៉ែត្រពីកោះ Triton ឬហៅជាភាសាចិនថា Xisha ជាផ្នែកមួយនៃទីប្រជុំកោះ Paracel ក្នុងតំបន់សមុទ្រខាងត្បូង។ ព្រមពេលជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនមិនបានព្រឺនឹងការ ព្រមាននេះទេហើយបញ្ជាក់ថា ខ្លួននឹងបន្តសកម្មភាពអនុឡោមតាមច្បាប់អន្តរជាតិ នៅតំបន់ដែនទឹកសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
ការដែលសហរដ្ឋអាមេរិកបញ្ជូននាវាពិឃាត USS Stethem ទៅកាន់តំបន់សមុទ្រចិនខាងត្បូង គឺធ្វើឡើងនៅចំពេលដែលទំនាក់ទំនងជាមួយចិន កំពុងមានភាពមិនច្បាស់លាស់ ដោយក្នុងពេលជាមួយគ្នា លោក ដូណាល់ ត្រាំ សរសើរផង និងបន្ទោសផងលើប្រធានាធិបតីចិន លោក ស៊ី ជីនពីង សម្រាប់ការដាក់សម្ពាធមិនទាន់គ្រប់គ្រាន់ លើកូរ៉េខាងជើង។ មិនតែប៉ុណ្ណោះទីក្រុងវ៉ាស៊ីនតោន ក៏ទើបតែបានដាក់ទណ្ឌកម្មលើធនាគារចិនចំនួនពីរ ក្រោមការចោទប្រកាន់ថា បានផ្ដល់ប្រាក់កម្ចីឱ្យរបបដឹកនាំទីក្រុងព្យុងយ៉ាងផងដែរ។
ជុំវិញបញ្ហានេះដែរ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយសំអាងលើសេរីភាពនាវាចរ ភាគីសហរដ្ឋអាមេរិកបានបញ្ជូននាវា ចម្បាំងសាជាថ្មី ចូលមកក្នុងដែនទឹកនៃកោះ Xisha របស់ចិនដោយគ្មានការអនុញាត... ហើយអាកប្បកិរិយាបែបនេះរបស់សហរដ្ឋអាមេរិក គឺជាទង្វើរំលោភលើដែនអធិបតេយ្យភាព និងបង្កជាហានិភ័យដល់សន្តិសុខរបស់ចិន, រំលោភលើច្បាប់អន្តរជាតិ, បំផ្លាញសន្តិភាព, សន្តិសុខ, សណ្ដាប់ធ្នាប់សមុទ្រ... ដូច្នេះចិនបានសម្រេចចិត្តបញ្ជូននាវា និងយន្ដហោះចម្បាំងជាច្រើន គ្រឿងជាការឆ្លើយតបទៅនឹងនាវាចម្បាំងអាមេរិក»។
គួរបញ្ជាក់ថា បើទោះជាមានការព្រមានក៏ដោយ មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន នឹងនៅតែបន្តធ្វើសកម្មភាពនាវាល្បាត នៅតំបន់សមុទ្រចិនខាងត្បូងដដែល ពីព្រោះវាគ្រាន់តែធ្វើឡើងក្រោមក្របខណ្ឌ នៃកម្មវិធីសេរីភាពធ្វើនាវាចរដូចទម្លាប់សព្វដងតែប៉ុណ្ណោះ។ ចិនបានទាមទារគ្រប់គ្រងស្ទើរតែស្រុង លើសមុទ្រចិនខាងត្បូង ខណៈហ្វីលីពីន វៀតណាម តៃវ៉ាន់ ព្រុយណេ និងម៉ាឡេស៊ី ក៏បានទាមទារចំណែករៀងៗខ្លួនផងដែរ។ ចំណែកឯ ក្រុមអ្នកជំនាញមួយចំនួនយល់ថា ជម្លោះនៅក្នុងតំបន់នេះអាចនឹងក្លាយជា ចំណុចចាប់ផ្ដើមនៃការប៉ះទង្គិចគ្នាដោយអាវុធ រវាងសហរដ្ឋអាមេរិក និងចិននៅថ្ងៃណាមួយ៕