(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមូលមតិគ្នាជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ ដើម្បីបង្កើនចំណាត់ការក្តៅកាន់តែខ្លាំងជាងមុខថែមទៀត ក្នុងការដាក់សម្ពាធទៅលើប្រទេសកូរ៉េខាងជើង នៅក្នុងកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលទីក្រុងសេអ៊ូល។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន ចេញផ្សាយដោយសារព័ត៌មាន Channel News Asia ដកស្រង់ពី Reuters នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា កិច្ចសន្ទនាទ្វេភាគីតាមប្រព័ន្ធទូរស័ព្ទនេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងបញ្ជាក់ពី កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នៅមុនការចាប់ផ្តើមនៃកិច្ចប្រជុំកំពូល G20 នៃគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់ នាចុងសប្តាហ៍នេះ។
គួរបញ្ជាក់ដែរថា កិច្ចជួបពិភាក្សាត្រីភាគីខាងមុខនេះនឹងត្រូវធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា រូបលោកអស់ការអត់ធ្មត់ចំពោះប្រទេសកូរ៉េខាងជើង ដែលតែងតែបានធ្វើសកម្មភាពបង្ករឿងជាបន្តបន្ទាប់ ដោយឥតខ្លាចក្រែងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិអ្វីបន្តិចសោះ។ បន្ថែមពីនេះលោក ត្រាំ ក៏បានលើកឡើងទៀតថា ទីក្រុងប៉េកាំង បានទទួលបរាជ័យនៅក្នុងការដាក់សម្ពាធ និងគ្រប់គ្រងសកម្មភាពបង្ករឿងរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ជុំវិញកម្មវិធីនុយក្លេអ៊ែរ-មីស៊ីលផ្លោងរបស់រដ្ឋកុម្មុយនិស្តមួយនេះ៕