(បាកដាដ)៖ សារព័ត៌មាន Iraqi News បានរាយការណ៍ថា មេដឹកនាំជាន់ខ្ពស់ក្រុម ISIS ម្នាក់ឈ្មោះ Abu Qutaiba ត្រូវបានគេចាប់យកទៅដុតសម្លាប់ទាំងរស់ បន្ទាប់ពីរូបលោកហ៊ានសន្មត់ថា មេដឹកនាំកំពូល ISIS លោក Abu Bakr al-Baghdadi បានស្លាប់បាត់ជីវិតទៅហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
យោងតាម Iraqi News Abu Qutaiba ត្រូវបានគេចាប់ខ្លួននៅក្នុងទីក្រុង Tal Afar ប្រទេសអ៊ីរ៉ាក់ ហើយត្រូវដុតសម្លាប់ទំាងរស់ពីបទប្រកាន់ថា បានធ្វើសកម្មភាពញុះញង់បំបះបំបោរ ក្រោយហ៊ានសន្មត់ថា Abu Bakr al-Baghdadi ពិតជាបានស្លាប់ប្រាកដមែន។ ការបញ្ជាក់ពីការស្លាប់នេះក៏ត្រូវបាន រុស្ស៊ី អ៊ីរ៉ង់ និងស៊ីរី អះអាងផងដែរ ដែលមេភេរវកររូបនេះបានស្លាប់ ដោយសារតែការវាយប្រហារតាមផ្លូវអាកាស ពីសំណាក់យន្ដហោះចម្បាំងរុស្ស៊ីនៅឯទីក្រុង Raqqa កាលពីចុងខែមិថុនាកន្លងទៅ។ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ សហរដ្ឋអាមេរិក និងក្រុម ចំរុះអន្តរជាតិ មិនទាន់ទទួលស្គាល់ព័ត៌មាននេះនៅឡើយទេ ហើយនេះក៏មិនមែនជាលើកទីមួយដែរ ដែលគេនាំគ្នានិយាយថា Abu Bakr al-Baghdadi បានស្លាប់។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi ក៏បានប្រកាសពីបរាជ័យរបស់ក្រុម ISIS និងបានទទួលស្គាល់ពីមរណៈភាពរបស់ al-Baghdadi ផងដែរ៕