(បាដាដ)៖ មេទ័ពអាមេរិកលោកឧត្តមសេនីយ៍ឯក Stephen Townsend បានលើកឡើងនាពេលថ្មីៗនេះថា កងកម្លាំងយោធារបស់សហរដ្ឋអាមេរិក គួរតែបន្តរក្សាវត្តមានរបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់តទៀត ទោះបីជាបេសកកម្មនៅក្នុងទីក្រុងម៉ូស៊ូល ជិតឈានចូលដល់ទីបញ្ចប់ ហើយក្រុមសកម្មប្រយុទ្ធ ISIS នឹងត្រូវកម្ចាត់ចេញទាំងស្រុងពីក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះយ៉ាងណាក្តី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
កាលពីថ្ងៃទី២៩ ខែមិថុនាកន្លងទៅនេះ ពោលគឺរយៈពេលបីឆ្នាំ និង១៩ថ្ងៃក្រោយការដណ្តើមកាន់កាប់របស់ពួក ISIS ទៅលើទីក្រុងម៉ូស៊ូល ដែលជាក្រុងធំជាងគេទីពីររបស់ប្រទេសអ៊ីរ៉ាក់នោះ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al-Abadi បានប្រកាសអំពីការបរាជ័យ និងការឈានជិតដល់ទីបញ្ចប់របស់ក្រុមភេរវករនេះ។ ជាមួយគ្នានេះ លោក Townsend ដែលបច្ចុប្បន្នជាមេបញ្ជាការ នៃកម្លាំងប្រតិបត្តិការចម្រុះ Operation Inherent Resolve នៅអ៊ីរ៉ាក់ បានឲ្យដឹងថា រូបលោកមានការជឿជាក់ខ្ពស់ថា ក្រុមភេរវករ ISIS ជិតនឹងបរាជ័យទាំងស្រុងហើយ នៅក្នុងប្រទេសអ៊ីរ៉ាក់ក៏ដូចជាស៊ីរី។
មេទ័ពជាន់ខ្ពស់អាមេរិករូបនេះបានបន្ថែមថា ទោះជាបែបនេះក្តី ដើម្បីជាផលប្រយោជន៍ដ៏ប្រសើរបំផុត សម្រាប់រដ្ឋាភិបាលអ៊ីរ៉ាក់ ទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាបណ្តាសម្ព័ន្ធមិត្តដទៃទៀត ប្រសិនបើកងទ័ពសហរដ្ឋអាមេរិក នៅបន្តរក្សាវត្តមាននៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ ទោះបីនៅពេលដែលក្រុម ISIS ត្រូវបានកម្ចាត់ចេញទាំងស្រុងក៏ដោយ។
គួរបញ្ជាក់ថា ការលើករបស់បែបនេះរបស់ លោក Townsend គឺដោយសារតែអ្វីដែលបានកើតឡើងក្រោយពី អាមេរិកបានសម្រេចដកទ័ពចេញពីអ៊ីរ៉ាក់កាលពីឆ្នាំ២០១១ ដោយក្រុមភេរវករ ISIS បានឆ្លៀតឱកាសចូលមកគ្រប់គ្រងក្នុងទីក្រុងម៉ូស៊ូលនៅឆ្នាំ២០១៤។ លោក Townsend បានថ្លែងថា «លើកនេះ កងទ័ពអាមេរិកគួរតែបន្តផ្តល់ការគាំទ្រ និងហ្វឹកហាត់ដល់កងទ័ពអ៊ីរ៉ាក់ ដើម្បីធានាថា ពួកគេមានសមត្ថភាពគ្រប់គ្រាន់អាចទប់ទល់នឹងការគំរាមកំហែងនានា ចំពោះប្រទេសជាតិរបស់ពួកគេបាន»៕