(ប៉េកាំង)៖ មន្ត្រីក្រសួងការពារជាតិអាមេរិកម្នាក់បានឱ្យដឹងថា នាវាពិឃាតអាមេរិកមួយគ្រឿង បានធ្វើដំណើរទៅកាន់តំបន់ក្បែរកោះជម្លោះ នៃសមុទ្រចិនខាងត្បូង ដែលជាផ្នែកមួយបង្ហាញពីសេរីភាពនាវាចរនៅក្នុងតំបន់ដែនទឹកអន្តរជាតិ ខណៈទីក្រុងប៉េកាំងចាត់ទុកថាទង្វើនេះគឺជាសកម្មភាពបង្ករឿង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។
នេះមិនមែនជាលើកទីមួយ ហើយក៏នឹងមិនក្លាយជាលើកចុងក្រោយដែរ ដែលទីក្រុងវ៉ាស៊ីនតោន បញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រចិនខាងត្បូង។ ដោយឡែកបើតាមមន្ត្រីអាមេរិករូបនេះដដែល នាវាពិឃាតបំពាក់ដោយមីស៊ីល USS Stethem បានធ្វើដំណើរកាលពីថ្ងៃអាទិត្យ នៅចំងាយប្រមាណជា ២២គីឡូម៉ែត្រពីកោះ Triton ជាផ្នែកមួយនៃទីប្រជុំកោះ Paracel ក្នុងតំបន់សមុទ្រខាងត្បូង។ ម្យ៉ាងវិញទៀត នេះគឺជាលើកទី០២ ដែលសហរដ្ឋអាមេរិកក្រោមរដ្ឋបាល លោក ដូណាល់ ត្រាំ បញ្ជូននាវាពិឃាតរបស់ខ្លួន ទៅកាន់តំបន់សមុទ្រចិនខាងត្បូង ក្នុងក្របខណ្ឌប្រតិបត្តិការសេរីភាពនាវាចរណ៍។
ប៉ុន្តែដូចសព្វដង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានសម្ដែងការខឹងសម្បារជាខ្លាំង ព្រមទាំងចាត់ទុកថា នាវាពិឃាតអាមេរិកកំពុងសកម្មភាពបង្ករឿង និងចូលក្នុងដែនទឹករបស់ចិន ដោយគ្មានការអនុញ្ញាត។ លោក លូ កាង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចិនជំទាស់ និងជម្រុញយ៉ាងពេញទំហឹងឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់ការធ្វើសកម្មភាពបង្ករឿងរបៀបនេះ ដែលរំលោភលើដែនអធិបតេយ្យភាពរបស់ចិន និងបង្កជាហានិភ័យដល់សន្តិសុខចិន ...បើពុំដូច្នោះទេទីក្រុងប៉េកាំងនឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារខ្លួនឯង»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបញ្ជូននាវាពិឃាតទៅកាន់តំបន់សមុទ្រចិនខាងត្បូង ធ្វើឡើងនៅចំពេលដែលទំនាក់ទំនងជាមួយចិន កំពុងមានភាពមិនច្បាស់លាស់ ដោយក្នុងពេលជាមួយគ្នា លោក ដូណាល់ ត្រាំ សរសើរផង និងបន្ទោសប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផង សម្រាប់ការដាក់សម្ពាធមិនទាន់គ្រប់គ្រាន់ លើកូរ៉េខាងជើង។ មិនតែប៉ុណ្ណោះទីក្រុងវ៉ាស៊ីនតោន ទើប តែបានដាក់ទណ្ឌកម្មលើធនាគារចិនចំនួនពីរ ក្រោមការចោទប្រកាន់ថា បានផ្ដល់ប្រាក់កម្ចីឱ្យរបបដឹកនាំទីក្រុងព្យុងយ៉ាង៕