(តេហេរ៉ង់)៖ ក្រសួងប្រេងអ៊ីរ៉ង់ នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា ក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំរបស់បារាំង Total នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ៤,៨ ពាន់លានដុល្លារអាមេរិក ជាមួយទីក្រុងតេហេរ៉ង់ នៅថ្ងៃចន្ទនេះ ដើម្បីអភិវឌ្ឍស្ថានីយ៍ចម្រាញ់ និងរុករកឧស្ម័ន។ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Total នឹងក្លាយជាក្រុមហ៊ុនលោកខាងលិចដំបូងគេ ដែលត្រឡប់មករកស៊ីជាមួយអ៊ីរ៉ង់វិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០១៧។
ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងស្របពេលអ៊ីរ៉ង់ បានរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហគមន៍អន្តរជាតិ ក៏ប៉ុន្តែទន្ទឹមគ្នា សភាអាមេរិក បែរជាកំពុងស្វែងរកការដាក់ទណ្ឌកម្មសាជាថ្មី ប្រឆាំងនឹងទីក្រុងតេហរ៉ង់ទៅវិញ។ ដោយឡែក ថ្លែងប្រាប់អ្នកសារព័ត៌មានអ្នកនាំពាក្យក្រសួងប្រេងអ៊ីរ៉ង់បានបញ្ជាក់ដូច្នេះថា៖«កិច្ចព្រមព្រៀងជាលក្ខណៈអន្តរសម្រាប់ការអភិវឌ្ឍន៍ស្ថានីយ៍ ចម្រាញ់ និងរុករកឧស្ម័នរវាងក្រុមហ៊ុន Total និងទីក្រុងតេហេរ៉ង់ នឹងត្រូវបានចុះហត្ថលេខា នៅថ្ងៃចន្ទនេះ ក្រោមការចូលរួមពីរដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ នាយកក្រុមហ៊ុន Total ព្រមទាំង ក្រុមហ៊ុនចិន CNPCI និងក្រុមហ៊ុនប្រេងអ៊ីរ៉ង់ Petropars»៕