លោក ដូណាល់ ត្រាំ ទូរស័ព្ទទៅកាន់មេដឹកនាំចិននិងជប៉ុន ក្រោយថាអស់ការអត់ធ្មត់ ជាមួយកូរ៉េខាងជើង
02-07-2017 14:29
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នឹងបើកកិច្ចពិភាក្សា តាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃអាទិត្យនេះ (ម៉ោងនៅសហរដ្ឋអាមេរិក)។ នេះបើតាមសេតវិមាន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០១៧។
ការប្រកាសពីព័ត៌មាននេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកត្រាំ ផ្ទាល់បានប្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងថាទីក្រុងវ៉ាស៊ីនតោន អស់ការអត់ធ្មត់ជាមួយកូរ៉េខាងជើងដែលចេះ តែធ្វើសកម្មភាពបង្ករឿងដោយគ្មានខ្លាចក្រែងទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ។ ដោយឡែក បើតាមសេតវិមាន កិច្ចសន្ទានានេះនឹងត្រូវធ្វើឡើងនៅម៉ោង៨យប់ ថ្ងៃអាទិត្យ ដោយ ពុំបានបញ្ជាក់ពីប្រធាបទនៃជំនួបតាមទូរសព្ទនេះទេ ក៏ប៉ុន្តែគេរំពឹងថា សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង អាចនឹងក្លាយជារបៀបវារៈសំខាន់សម្រាប់មេដឹកនាំទំាងបី ខណៈក្រុមមន្ត្រី អាមេរិកយល់ថា ទីក្រុងព្យុងយ៉ាង អាចនឹងសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី០៦ ឬក៏មីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាលើកដំបូងនៅក្នុងឆ្នាំ២០១៧នេះ។ ជាពិសេសគឺ នាឱកាស ដែលមេដឹកនាំកំពូលពិភពលោកចូលរួមកិច្ចប្រជុំ G20 នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ នៅសប្ដាហ៍ក្រោយនេះ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់បានជួបពិភាក្សាដោយផ្ទាល់ជាមួយ លោក ស៊ីជីន ពីង ម្ដងរួចមកហើយ កាលពីខែមេសាកន្លងទៅ ជាមួយការផ្ដោតសំខាន់លើការធ្វើការងារ ជាមួយទីក្រុងប៉េកាំង ដើម្បីដាក់សម្ពាធលើកូរ៉េខាងជើង។ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលជាដុំកុំភួនអ្វីនោះទេ រីឯទីក្រុងព្យុងយ៉ាង ចេះតែបន្តបាញ់សាកល្បងមីស៊ីលផ្លោងជាបន្ត បន្ទាប់។ ជាងនេះទៅទៀត កាលពីប៉ុន្មានថ្ងៃមុននេះ លោក ត្រាំ នៅក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ក៏បានសន្យាលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើ ឧបទ្វីបកូរ៉េផងដែរ ហើយមិនតែប៉ុណ្ណោះប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ឡើងវិញថា គោលនយោបាយអត់ធ្មត់នឹងកូរ៉េខាងជើង បានដល់ទីបញ្ចប់ហើយ៕