(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger បាននិយាយថា គំនិតគ្រប់គ្រង ឬជាមេដឹកនាំពិភពលោក គឺជាផ្នែកមួយនៃហ្សែន (DNA) របស់ សហរដ្ឋអាមេរិក ហើយថាឧបសគ្គដែលរារាំងមិនឱ្យរុស្ស៊ី និងសហរដ្ឋអាមេរិកល្អូកល្អើននឹងគ្នា ដោយសារតែការយល់ឃើញខុសគ្នាពីទស្សនៈប្រវត្តិសាស្រ្ដពិភពលោក។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅក្នុងសប្ដាហ៍នេះ។
ការថ្លែងបែបនេះរបស់លោក Henry Kissinger ធ្វើឡើងនៅចំពេលមហាអំណាចទាំងពីរ កំពុងពាក់មុខយក្សដាក់គ្នា ជុំវិញសំណុំរឿងអ៊ុយក្រែន និងស៊ីរី ដែលត្រូវបានអ្នកជំនាញ មួយចំនួនយល់ថាអាចនឹងក្លាយជាចំណុចចាប់ផ្ដើមនៃការប៉ះទង្គិចគ្នាដោយអាវុធ នៅថ្ងៃណាមួយ។ ជាមួយគ្នានោះដែរ ថ្លែងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅឯវេទិការអន្តរជាតិ Primakov Readings កាលពីថ្ងៃសុក្រ លោក Kissinger បានគូសបញ្ជាក់ដូច្នេះថា៖« គំនិតគ្រប់គ្រងពិភពលោកគឺជាផ្នែកមួយនៃហ្សែន គោលនយោបាយការបរទេសអាមេរិក ... សហរដ្ឋអាមេរិក មិនមែនមានបំណងចង់ធ្វើជាមេដឹកនាំមួយនោះទេ ក៏ប៉ុន្តែជាមេដឹកនាំពិភពលោក ខណៈរុស្ស៊ីកំពុងដើរតួនាទីជាអ្នកការពារ សណ្ដាប់ធ្នាប់អន្តរជាតិ ឈរលើគោលការណ៍សាសនា បន្ទាប់មកគឺគោលការណ៍ម៉ាក្សនិយម »។ ជាងនេះទៅទៀត បើផ្អែកលើប្រវត្តិសាស្ត្រ រុស្ស៊ីផ្ដោតសំខាន់លើការការពារទឹកដីដ៏ធំ ល្វឹងល្វើយរបស់ខ្លួនដែលមានមនុស្សរស់នៅតិច ជាមួយការកំណត់ព្រំដែនក្នុងបរិមាណតិចតួចនឹងប្រទេសជិតខាងដែលមានឥទ្ធិពល ដូច្នេះហើយទើបបញ្ហាសន្តិសុខបានក្លាយជា ក្ដីកង្វល់ ចាប់ពីទីក្រុងមូស្គូ រហូតដល់ទីក្រុងសាំងភីតធើស្បឺគ ( Saint-Petersbourg ) ... ក៏ប៉ុន្តែ សហរដ្ឋអាមេរិក គឺផ្ទុយពីរុស្ស៊ី នោះគឺថាខ្លួនបានគ្រប់គ្រងនៅតំបន់អាមេរិកខាងជើង និងមានព្រំដែនប្រកដដោយសុវត្ថិភាព»។
តែទោះបីជាយ៉ាងនេះក្ដី លោក Henry Kissinger ដែលជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក នៅអំឡុងឆ្នាំ១៩៧០ នៅតែមានសុទិដ្ឋិនិយមថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន អាច នឹងមានឱកាសផ្ដើមកិច្ចសន្ទនាក្នុងលក្ខណៈស្ថាបនាជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាពិភពលោក៕