(វ៉ាស៊ីនតោន)៖ តំណាងរាស្ត្រប្រជាធិបតេយ្យមួយក្រុមដឹកនាំដោយ លោក Jamie Raskin បានស្នើសុំបង្កើតគណៈកម្មាធិការពិសេសមួយ អនុឡោមតាមច្បាប់វិសោធនកម្មទី២៥ នៃរដ្ឋ ធម្មនុញ្ញអាមេរិក ដែលអនុញ្ញាតឱ្យមានការទម្លាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចេញពីតំណែងក្រោមហេតុផលអសមត្ថភាពផ្លូវចិត្តឬរូបសាស្ត្រក្នុងការដឹកនាំប្រទេស។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០១៧។
ជុំវិញសំណើនេះដែរ តំណាងរាស្ត្របក្សប្រជាធិបតេយ្យមកពីរដ្ឋ Maryland លោក Jamie Raskin បានពន្យល់ថា ពួកលោកមានបំណងបង្កើតគណៈកម្មាធិការពិសេសមួយមានសមាជិក ១១រូប ហើយដែលលោកផ្ទាល់ហៅថា «គណៈកម្មាធិការឃ្លំាមើលសមត្ថភាពប្រធានាធិបតី»។ គណៈកម្មាធិការនេះ មានគោលដៅត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ ដើម្បីកំណត់ថាតើលោក ដូណាល់ ត្រាំ មានសមត្ថភាពផ្លូវចិត្ត ឬក៏រូបសាស្ត្រ ក្នុងការបំពេញតួនាទីជាប្រធានាធិបតីដែរ ឬក៏យ៉ាងណា? ពោលគឺបើសិនជាគណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើងហើយបើសិនជា គេរកឃើញថាលោក ត្រាំពិតជាអសមត្ថភាពប្រាកដមែន នោះក្រុមតំណាងរាស្ត្របក្សប្រជាធិបតេយ្យ មុខជានឹងប្រើប្រាស់គ្រប់មធ្យមបាយតាមផ្លូវច្បាប់ក្នុងការយកច្បាប់វិសោធនាកម្មទី២៥ នៃរដ្ឋធម្មនុញ្ញអាមេរិកមកប្រើ។ ក៏ប៉ុន្តែនេះ គឺជារឿងស្មុគស្មាញបំផុតមួយសម្រាប់របបប្រធានាធិបតីនិយម ដូចជាសហរដ្ឋអាមេរិក ពីព្រោះថាការអនុវត្តន៍បែបនេះ ទាល់តែមានសំឡេងគាំទ្រ ភាគច្រើនពីមន្ត្រីខុទ្ទកាល័យប្រធានាធិបតី មានទំាងអនុប្រធានាធិបតី លោក Mike Pence ឬក៏សភាអាមេរិកជាមុនសិន ក្នុងការកំណត់ពីសមត្ថភាពរបស់ លោក ដូណាល់ ត្រាំ មុននឹងចង់ ឈានទៅដល់ការរៀបចំការបោះឆ្នោតសភាពេញអង្គទម្លាក់ប្រធានាធិបតីដ៏ចម្រូងចម្រាស់រូបនេះចេញពីតំណែង។
គួរបញ្ជាក់ថា បើតាមលោក Jamie Raskin «គណៈកម្មាធិការឃ្លំាមើលសមត្ថភាពប្រធានាធិបតី» មានសមាជិក១១រូប ក្នុងនោះមានដូចជាគ្រូពេទ្យចិត្តសាស្ត្រ០៤នាក់ វេជ្ជបណ្ឌិត០៤នាក់ និងសមាជិក០៣នាក់ផ្សេងទៀតមាន អតីតប្រធានាធិបតី អនុប្រធានាធិបតី រួមទំាងអតីតមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាអាមេរិក។ តែទោះជាយ៉ាងណាក៏ដោយ គោលបំណងនេះ ទំនងជានឹងមិន អាចទៅរួចឡើយ ស្របពេលគ្រាន់តែបានឡើងកាន់តំណែងជាង០៦ខែមកនេះ លោក ដូណាល់ ត្រាំ បានបង្កើតការងារ និងរកផលចំណេញឱ្យសហរដ្ឋអាមេរិក មិនតិចនោះទេពីការចុះកិច្ច ព្រមព្រៀងលក់អាវុធមានតម្លៃជាង១១០ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអូឌីត កាតា ១២ពាន់លានដុល្លារ ហើយថ្មីៗនេះ រដ្ឋបាលលោក ត្រាំ ក៏គ្រោងនឹងលក់អាវុធឱ្យកោះតៃវ៉ាន់មានតម្លៃ ១.៤២ពាន់លានដុល្លារផងដែរ៕