(រ៉ូម)៖ បើទោះដឹងថានឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មពីសំណាក់បណ្ដាប្រទេសអារ៉ាប់ក៏ដោយ ក៏រដ្ឋមន្ត្រីការបរទេសកាតា នៅតែបញ្ជាក់ថាទីក្រុងដូហា មិនអាចទទួលយកបានឡើយ លក្ខខណ្ឌទំាង១៣ចំណុច ត្បតិវាគឺផ្ទុយទំាងស្រុងទៅនឹងច្បាប់អន្តរជាតិ ក៏ដូចជារំលោភលើដែនអធិបតេយ្យភាពកាតា។ ឱសានវាទនៃការទទួលយកលក្ខខណ្ឌទំាង១៣ ចំណុចនេះ ស្នើឡើងដោយអារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តអារ៉ាប់ នឹងត្រូវអស់សុពលភាពនៅយប់ថ្ងៃអាទិត្យនេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រីការបរទេសកាតា ព្រះអង្គម្ចាស់ Mohammed bin Abdulrahman Al Thani ធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មានមួយនៅឯទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះដែរ ព្រះអង្គម្ចាស់ Al Thani បានលើកឡើងដូច្នេះថា៖«លក្ខខណ្ឌនៃសំណើរទំាង១៣ចំណុច នឹងត្រូវបានបដិសេធ ហើយវាក៏គ្មានន័យ អ្វីត្រូវទទួលយក ឬក៏ចរចាដែរ ពីព្រោះយើងបានចាត់ទុកថាសំណើទំាងនេះគឺជាការដាក់ទណ្ឌកម្មលើប្រទេសរបស់យើង ជាជាងពួកភេរវករ ព្រមទាំងរំលោភលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជា ជាតិ និងដែនអធិបតេយ្យភាពកាតា (...) តែយ៉ាងណា យើងនៅតែបញ្ជាក់ឡើងវិញថាយើងរក្សាជានិច្ចការដោះស្រាយវិបត្តិបច្ចុប្បន្នតាមរយៈកិច្ចសន្ទនា»។
គួររំលឹកថា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា សម្រាប់ការផ្ដល់ហិរញ្ញវត្ថុ និងគំាទ្រពួកភេរវករ បើទោះជា ទីក្រុងដូហា បានបដិសធជាច្រើនដងក៏ដោយ។ ក៏ប៉ុន្តែ ដោយសារតែមានការសម្របសម្រួលពីគុយវ៉ែត បណ្ដាប្រទេសទំាងនេះបានទុកផ្លូវឱ្យកាតា ត្រឡប់មកត្រូវគ្នាឡើងវិញតាមរយៈ ការអនុត្ដន៍លក្ខខណ្ឌទំាង១៣ចំណុច ក្នុងនោះរួមមាន បិទសា្ថនីយ៍ទូរទស្សន៍ Al-jazeera, បិទមូលដ្ឋានទ័ពតួកគី និងផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ជាដើម ហើយទីក្រុងដូហា មានរយៈពេល១០ថ្ងៃដើម្បីផ្ដល់ចម្លើយ ពោលគឺគិតត្រឹមយប់ថ្ងៃអាទិត្យនេះ បើពុំដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្ម៕