(យេមែន)៖ អ្នកតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសយេមែន លោក Nevio Zagaria បានឱ្យដឹងថាចំនួនអ្នកសា្លប់ដោយសារជំងឺអាសន្នរោគនៅក្នុងប្រទេស យេមែនបានកើនដល់១,៥០០នាក់ហើយ ខណៈស្ថានភាពមនុស្សធម៌នៅតែស្ថិតនៅក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភក្រៃលែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានរួមគ្នា កាលពីថ្ងៃសៅរ៍ ជាមួយតំណាងមកពីអង្គការ UNICEF និងធនាគារពិភពលោក (World Bank) លោក Nevio Zagaria បានគូសបញ្ជាក់ ថា៖ «ក្នុងពេលបច្ចប្បន្នចំនួនប្រជាជនយេមែនសង្ស័យថាបានឆ្លងជំងឺអាសន្នរោគមានប្រមាណជា ២៤៦,០០០ករណី គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ដូច្នេះហើយគេត្រូវការការចូលរួមនិង ជំនួយមនុស្សធម៌ជាបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ»។
គួរបញ្ជាក់ថា ប្រទេសយេមែន កំពុងស្ថិតនៅក្នុងស្ថានភាពវឹកវរ និងត្រូវបានបំផ្លាញយ៉ាងដំណុំអស់រយៈពេលជាង២៧ខែមកហើយ ដោយសារសង្រ្គាមហែកហួររវាងកងកម្លាំងចំរុះដឹក នាំដោយអារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាមហ៊ូទី មានអ៊ីរ៉ង់ជាខ្នងបង្អែក។ មួយវិញទៀត ក្រុមអង្គការសិទ្ធិមនុស្សជាច្រើន បានរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់ អារ៉ាប៊ីសាអូឌីត ដែលភាគច្រើនតែងតែបង្កឱ្យជនស៊ីវិលស្លូតត្រង់ត្រូវបាត់បង់ជីវិត ព្រមទាំងស្ថានភាពមនុស្សធម៌ នៅក្នុងប្រទេសយេមែនដែលចេះតែអាក្រក់ទៅៗពីមួយថ្ងៃទៅ មួយថ្ងៃ៕