(អាមេរិក)៖ ប៉ូលិសបានឲ្យដឹងថាមនុស្សចំនួន២៥នាក់ បានរងរបួសដោយសារគ្រាប់កាំភ្លើង នៅក្រោយហេតុការណ៍ឈ្លោះទាស់ទែងគ្នាមួយ បានផ្ទុះឡើងនៅក្នុងក្លឹមកម្សាន្តរាត្រីមួយកន្លែង ដែលស្ថិតក្នុងទីក្រុង Little Rock នៃរដ្ឋ Arkansas នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន USA TODAY នៅយប់ថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។
យ៉ាងណាមិញ យោងតាមការបញ្ជាក់អះអាងរបស់ប៉ូលិសអាមេរិកនៅលើបណ្តាញ Twitter ជនរងគ្រោះទាំង២៥នាក់ ត្រូវគេរំពឹងថានឹងពុំមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ ក្រៅពីនេះមនុស្សចំនួនបីនាក់ផ្សេងទៀត ក៏បានទទួលរបួសស្រាលផងដែរ បន្ទប់ភាពវឹកវរបានកើតមាននៅពេលដែលស្នូរគ្រាប់កាំភ្លើងបានឡាន់ឡើងនៅឯការប្រគុំតន្រ្តីក្នុងក្លឹបកម្សាន្តពេលរាត្រីនោះ។
ហេតុការណ៍បាញ់ប្រហារខាងលើ ដែលបានកើតឡើងនៅក្នុងក្លឹបរាត្រី Power Ultra Lounge កាលពីវេលាម៉ោង២៖៣០នាទីយប់ថ្ងៃសៅរ៍សប្តាហ៍នេះនោះ (ពេលវេលានៅតំបន់កើតហេតុ) ហាក់បីដូចជាមិនមែនជាហេតុការណ៍ពាក់ព័ន្ធនឹងខ្មាន់កាំភ្លើងអាជីព ឬមួយក៏ទាក់ទងនឹងអំពើភេរវកម្មនោះឡើយ។ នេះបើតាមការលើកឡើងរបស់មេប៉ូលិសទីក្រុង Little Rock លោក Kenton Buckner។
គួរបញ្ជាក់ថា ករណីបាញ់ប្រហារក្នុងក្លឹបរាត្រីនេះ ត្រូវបានប៉ូលិសជឿជាក់ថា គឺបានបង្កឡើងដោយសារបញ្ហាជម្លោះឈ្លោះទាស់ទែងគ្នារវាងមនុស្សនៅក្នុងទីនោះ ហើយសម្រាប់ព័ត៌មានលម្អិតស្តីពីជនសង្ស័យវិញក៏ទាន់ត្រូវបានដឹងច្បាស់នោះដែរ ក៏ប៉ុន្តែជាអាចទៅរួចដែលថាជនបង្កអាចនឹងមានគ្នីគ្នាច្រើននាក់៕