(វ៉ាស៊ីនតោន)៖ នាពេលថ្មីៗនេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ទុះសង្រ្គាមពាក្យសម្តីជាមួយពិធីករ និងពិធីករិនីចំនួនពីររូបរបស់ ស្ថានីយទូរទស្សន៍ MSNBC ហើយក្នុងថ្ងៃសៅរ៍សប្តាហ៍នេះលោក ត្រាំ ក៏បានបន្តសង្រ្គាមពាក្យសម្តីនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter តទៀត ដោយបានហៅលោក Joe Scarborough ថាជាមនុស្សឆ្កួត និងលោកស្រី Mika Brzezinski ថាជាមនុស្សល្ងង់ដូចដុំថ្ម ទោះបីជាមានការរិះគន់ និងទាមទារឲ្យបញ្ឈប់ទង្វើដូចកូនក្មេងនេះ យ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយស្ថានីយទូរទស្សន៍ CNN នៅយប់ថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានទទួលរងការរិះគន់យ៉ាងខ្លាំង សូម្បីតែពីក្រុមអ្នកតំណាងរាស្រ្តមួយចំនួន មកពីគណបក្សសាធារណរដ្ឋដែលជាបក្សរបស់លោក ដូណាល់ ត្រាំ។ ពួកគេបានទាមទារឲ្យលោក ត្រាំ បញ្ឈប់ការវាយប្រហារពាក្យសម្តីបែបនេះ ទៅលើពិធីករពិធីការិនីទាំងពីររូបតទៀតទៅ ហើយមួយចំនួនទៀតបានលើកឡើងថា ពាក្យពេចន៍វាយប្រហារនៅលើ Twitter របស់លោក ដូណាល់ ត្រាំ ហាក់មិនសមរម្យនោះឡើយសម្រាប់មេដឹកនាំប្រទេស។
សូមជំរាបថា បញ្ហាទាស់ទែងពាក្យសម្តីនេះ បានកើតឡើងបន្ទាប់ពីលោក Scarborough រួមជាមួយនិងដៃគូគឺលោកស្រី Brzezinski បាននិយាយមិនល្អពាក់ព័ន្ធនឹងលោក ដូណាល់ ត្រាំ នៅក្នុងកម្មវិធីស្តីពីវិស័យនយោបាយដ៏ល្បីល្បាញមួយមានឈ្មោះថា Morning Joe របស់ស្ថានីយទូរទស្សន៍ MSNBC៕