(គីនហ្សាសា)៖ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិកុងហ្គោ បានប្រកាសជាផ្លូវការនូវការរលាយសាបសូន្យទៅវិញនៃវីរុស Ebola ដ៏កាចសាហាវ ដែលធ្លាប់បានផ្តាច់ជីវិតប្រជាជន នៃប្រទេសតំបន់អាហ្វ្រិកខាងលិចមួយចំនួន បន្ទាប់ពីរយៈពេល៤២ថ្ងៃ ដែលក្រុមមន្ត្រីសុខាភិបាលប្រទេសនេះ ធ្វើការទប់ស្កាត់យ៉ាងទាន់ហេតុការណ៍ និងអ្នកជំងឺ០៤នាក់បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។
ការផ្ទុះឡើងវិញរបស់ Ebola នៅតំបន់អាហ្វ្រិកខាងលិចនេះ គឺកើតឡើងទៅលើតំបន់ព្រៃនៃភាគឦសានរបស់កុងហ្គោ ដោយអ្នកជំងឺចំនួន០៨នាក់បានកើតមានជំងឺនេះ ខណៈ០៤នាក់ទៅហើយបានស្លាប់។ ជំងឺ Ebola បានកើតមានឡើងដំបូងកាលពីឆ្នាំ១៩៧៦ ហើយពេលនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលកុងហ្គោ លោក Oly Ilunga ជាអ្នកចេញសេចក្តីថ្លែងការណ៍ អំពីការបង្ក្រាបជំងឺនេះដោយជោគជ័យ ទៅកាន់អន្តរជាតិ។
លោក Oly បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសនៅថ្ងៃនេះ... ទាំងកណ្តាលយប់នេះថា ការកើតមានជំងឺដ៏កាចសាហាវ និងគួរឲ្យខ្លាចគឺ Ebola នៅកុងហ្គោត្រូវបានបញ្ចប់ហើយ»។ អាជ្ញាធរកុងហ្គោបានអះអាងថា ដោយសារតំបន់រងគ្រោះស្ថិតនៅទីដាច់ស្រយាលពីគេ ហើយក្រុមមន្ត្រីសុខាភិបាលកុងហ្គោ ក៏បានចាត់វិធានការទាន់ពេលវេលាទៀតនោះ ទើបជំងឺនេះបានរលាយសាបសូន្យទៅវិញយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ថា ថ្វីត្បិតតែកុងហ្គោទើបតែផ្ទុះឡើងជាលើកដំបូងនូវវីរុស Ebola ប្រាកដមែន ប៉ុន្តែប្រទេសនេះក៏ស្ថិតនៅក្នុងតំបន់អាហ្វ្រិកខាងលិចដូចជា ហ្គីណេ លីបេរីយ៉ា និងសៀរ៉ាឡេអូនផងដែរ ដែលប្រទេសទាំងបីនេះ ធ្លាប់ផ្ទុះវីរុស Ebola ដ៏ខ្លាំងក្លាកាលពីប៉ុន្មានឆ្នាំមុន ដែលបានសម្លាប់មនុស្ស ១១,៣០០នាក់ និងបង្កការរគោះរង្គើរពាសពេញពិភពលោក៕