(អាមេរិក)៖ គិតមកទល់ពាក់កណ្តាលឆ្នាំ២០១៧នេះ យានអវកាស Cassini របស់អង្គការ NASA បានធ្វើដំណើរជុំវិញភពសៅរ៍ (Saturn) បានរយៈពេល១៣ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយវិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។
យានអវកាស Cassini បានធ្វើដំណើរទៅដល់គន្លងតារាវិថី ក្បែរភពដែលមានចិញ្ចៀនហ៊ុមព័ទ្ធជុំវិញនេះ កាលពីវេលាយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៤ បន្ទាប់ពីបានចំណាយពេលហោះហើរផ្សងព្រេង ឆ្លងកាត់លំហអាកាសដ៏ធំល្វឹងល្វើយអស់រយៈពេលជិត០៧ឆ្នាំ។ ការធ្វើដំណើរជាប្រវត្តិសាស្រ្ត ដែលបានចាប់ផ្តើមជាមួយការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Titan IVB កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៧ មានចម្ងាយសរុប ៣.៥ពាន់លានគីឡូម៉ែត្រ បើតាមការបញ្ជាក់ពីមន្រ្តីនៃទីភ្នាក់ងារអវកាសអាមេរិក NASA។
រយៈពេល០៦ខែក្រោយការទៅដល់ប្រព័ន្ធនៃភពសៅរ៍ យានចុះចត Huygens បានផ្តាច់ខ្លួនចេញពីយានអវកាស Cassini ហើយឆ្ពោះទៅកាន់ Titan ដែលជាព្រះច័ន្ទដ៏ធំជាងគេបង្អស់របស់ Saturn និងលំដាប់ទីពីរ ក្នុងប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពីព្រះច័ន្ទ Ganymede របស់ភពព្រហស្បតិ៍។ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៥ យាន Huygen ក៏បានធ្វើការចុះចតដោយជោគជ័យនៅព្រះច័ន្ទ Titan ហើយបានបញ្ជូនរូបភាពនៃផ្ទៃរបស់វា ត្រឡប់មកកាន់ផែនដីវិញ តាមរយៈយាន Cassini ដែលជាផ្កាយរណប។
ស្របពេលជាមួយគ្នា Cassini បានបន្តសិក្សាស្រាវជ្រាវទៅលើភពសៅរ៍ រួមជាមួយចិញ្ជៀន (ខ្សែក្រវ៉ាត់ដុំថ្ម) ដ៏អាថ៌កំបាំង និងព្រះច័ន្ទជាច្រើនរបស់វា ហើយបានបង្កើតរបកគំហើញដ៏គួរឲ្យរំភើបជាបន្តបន្ទាប់មក។ តួយ៉ាង Cassina បានរកឃើញបឹង និងសមុទ្រដែលពោរពេញទៅដោយសារធាតុរាវអ៊ីដ្រូកាបូន នៅលើផ្ទៃព្រះច័ន្ទ Titan និងទឹកផុសនៅលើព្រះច័ន្ទ Enceladus របស់ Saturn ដែលគ្របដណ្តប់ទៅដោយផ្ទាំងទឹកក។ ការអង្កេតឃ្លាំមើលរបស់យានផ្កាយរណប Cassini បានអនុញ្ញាតឲ្យក្រុមអ្នកស្រាវជ្រាវ ធ្វើការកំណត់ថា កំសួលទឹកផុសទាំងនោះ គឺមានប្រភពមកពីមហាសមុទ្រដ៏ធំមួយ ដែលស្ថិតក្រោមផ្ទៃរបស់ Enceladus និងប្រហែលជាអាចទ្រទ្រង់ជីវិតក្នុងទម្រង់ណាមួយបាន។
ដោយឡែកបើតាមអ្នកវិទ្យសាស្រ្ត ព្រះច័ន្ទ Titan ក៏អាចឲ្យជីវិតរស់នៅបានផងដែរ ក៏ប៉ុន្តែប្រព័ន្ធអាកាសធាតុដែលពោរពេញដោយអ៊ីដ្រូកាបូន របស់ព្រះច័ន្ទយក្សនេះទំនងជាស្មានបានថា បើសិនជាមានជីវិតក្នុងទម្រង់ណាមួយនៅទីនោះមែននោះ ពួកវានឹងខុសស្រឡះពីជីវិតដែលមាននៅលើភពផែនដីជាក់ជាពុំខានឡើយ។
គួរបញ្ជាក់ថា Cassini នាពេលនេះ កំពុងឈានជីវិតដល់ទីបញ្ចប់នៃដំណើរផ្សងព្រេង ដ៏យូរអង្វែងរបស់វាហើយ ដោយកាលពីខែមេសា Cassini ជាលើកដំបូងបានធ្វើការហោះឆ្វែល ទៅកាន់តំបន់នៅចន្លោះភពសៅរ៍ និងចិញ្ចៀនរបស់វា ដើម្បីសិក្សាលម្អិតពីទីនោះ ហើយវាត្រូវធ្វើបែបនេះជារៀងរាល់សប្តាហ៍រហូតដល់ចំនួន២២លើក នៅមុនពេលបេសកកម្មចុងក្រោយរបស់វាត្រូវបិទបញ្ចប់នៅថ្ងៃទី១៥ កញ្ញា ដោយការទម្លាក់ខ្លួនកម្ទេចចោលរបស់ Cassini ចូលទៅក្នុងបរិយាកាសដ៏ក្រាស់ឃ្មឹករបស់ភពសៅរ៍ ក្នុងគោលបំណងបញ្ចៀសមិនឲ្យយានផ្កាយរណបនេះ បំពុលព្រះច័ន្ទ Titan ឬ Enceladus ជាមួយមីក្រូបមកពីផែនដី។ បេសកកម្ម Cassini-Huygens ដែលមានតម្លៃ ៣.២ពាន់លានដុល្លារនេះ គឺជាកិច្ចប្រឹងប្រែងរួមមួយ មានការចូលរួមសហការពីអង្គការ NASA ទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងារអវកាសអ៊ីតាលី៕