(អាល្លឺម៉ង់)៖ បាតុកម្មចំនួន ៣០ដង ត្រូវបានប៉ូលិសអាល្លឺម៉ង់អះអាងថា គ្រោងនឹងកើតឡើងនៅចំពោះមុខកិច្ចប្រជុំ G20 ចាប់ពីថ្ងៃទី១-៩ ខែកក្កដានេះ ខណៈមានការបង្ហោះឃ្លាថា «ស្វាគមន៍មកកាន់ឋាននរក» ដែលនឹងអាចជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ ពីសំណាក់ក្រុមភេរវករ ហើយកងកម្លាំងប៉ូលិសអាល្លឺម៉ងក៏កំពុងតែបើកប្រតិបត្តិការដ៏ធំបំផុតនៅក្នុងទីក្រុង Hamburg ដើម្បីធានាសុវត្ថិភាពដល់កិច្ចប្រជុំនៅទីនោះផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី RT នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។
ប៉ូលិសអាល្លឺម៉ង់បានឲ្យដឹងទៀតថា ក្រុមប្រឆាំងដែលជាចលនារ៉ាឌីកាល់ឆ្វេងនិយមបានប្តេជ្ញាថា ពួកគេនឹងធ្វើការប្រឆាំងដោយប្រើប្រាស់គ្រប់វិធីទាំងអស់ ចំពោះកិច្ចប្រជុំបណ្តាប្រទេសសេដ្ឋកិច្ច G20។ ក្រុមអ្នកតវ៉ាដែលគ្រោងធ្វើឡើងចំនួន៣០ដង នៅទីក្រុង Hamburg ដោយក្រុមអ្នកបំផុសបំផុលក្នុងរឿងនេះបានអះអាងថា មនុស្សម្នាយ៉ាងហោចណាស់ក៏ជាង ១០០,០០០នាក់ដែរ នឹងត្រូវចូលរួមក្នុងសកម្មភាពតវ៉ាតាមដងផ្លូវ ខណៈប៉ូលិសអាល្លឺម៉ង់បានអះអាងថា ក្រុមអ្នកតវ៉ាទំនងជាមានគ្នាត្រឹមតែ ៨,០០០នាក់ប៉ុណ្ណោះ ដោយពួកគេមានគោលដៅរារាំងដល់កិច្ចប្រជុំកំពូល G20 តែម្តង។
គួរបញ្ជាក់ថា ដោយសារតែស្ថានការណ៍តានតឹងខ្លាំង និងដើម្បីសន្តិសុខដល់ថ្នាក់ដឹកនាំកំពូលៗអន្តរជាតិ ដែលនឹងមកចូលរួមនៅក្នុងកិច្ចប្រជុំ G20 នេះ អាល្លឺម៉ង់បានធ្វើការដាក់ពង្រាយកងកម្លាំងប៉ូលិសជាង ២០,០០០នាក់ ទៅកាន់ទីក្រុង Hamburg ជាមួយនឹងឧទ្ធម្ភាគចក្រ ២៨គ្រឿង, សុនខប៉ូលិស ១៨៥ក្បាល, រថយន្តបាញ់ទឹក ៤០គ្រឿង និងរថយន្តប៉ូលិស ៣,០០០គ្រឿង។ អ្វីដែលជារឿងគួរឲ្យព្រួយបារម្ភបំផុតនោះ គឺការបង្ហោះពាក្យស្លោករបស់ក្រុមអ្នកតវ៉ាថា «ស្វាគមន៍មកកាន់ឋាននរក» នេះតែម្តង៕