(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកបានប្រកាសឲ្យដឹងថា ក្រុមហ៊ុន Rolls-Royce ដែលល្បីឈ្មោះខាងផលិតរថយន្តប្រណិតៗ តម្លៃរាប់លានដុល្លារនោះ ទទួលបានកិច្ចសន្យាមួយដែលមានតម្លៃជិត ៣៧លានដុល្លារអាមេរិក ដើម្បីទទួលខុសត្រូវលើការមើលថែទាំម៉ាស៊ីន របស់យន្តហោះដឹកជញ្ជូនយោធាខ្នាតធំ C-130J Super Hercules របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។
នៅក្រោមកិច្ចសន្យាតម្លៃ ៣៦,៩៨៩,០៧៦ដុល្លារខាងលើ ក្រុមហ៊ុន Rolls-Royce Corporation ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសនោះ នឹងមានតួនាទីផ្តល់ការគាំទ្រលើការថែទាំទាំងផ្នែកវិស្វកម្ម ក៏ដូចជាទិន្នន័យបច្ចេកទេស និងជួសជុលទៅលើយន្តហោះ C-130J របស់ក្រសួងការពារជាតិអាមេរិក។
គួរបញ្ជាក់ថា យន្តហោះ Lockheed Martin C-130 នេះ គឺជាយន្តហោះយោធាយុទ្ធសាស្រ្តដឹកជញ្ជូនដ៏ចម្បង និងសំខាន់ជាងគេរបស់កងទ័ពអាកាសអាមេរិក ក្នុងការគាំទ្រដល់ការដាក់ពង្រាយកងទ័ព និងសព្វាវុធនៅតាមបណ្តាមូលដ្ឋានទ័ពធំៗរបស់សហរដ្ឋអាមេរិក នៅជុំវិញពិភពលោកតែម្តង៕