(ម៉ូស្គូ)៖ ចិនកំពុងតែពង្រីក និងបង្កើនវិសាលភាពនៃកម្លាំងយោធារបស់ខ្លួន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង តាមរយៈការដាក់ពង្រាយបន្ទាយទ័ពអាកាស នៅលើប្រជុំកោះជម្លោះ Spratly សម្រាប់ផ្ទុកយន្តហោះចម្បាំង រួមទាំងមូលដ្ឋានប្រព័ន្ធរ៉ាដា និងមីស៊ីល ដែលមានដំបូលបិទបើក ដើម្បីអាចបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ពីផ្ទៃដីទៅកាន់ផ្ទៃអាកាសបានជាដើម។ នេះបើតាមការអះអាងពី ក្រុមអ្នកវិភាគស្ថានការណ៍ដែនសមុទ្រប្រចាំតំបន់អាស៊ីមានឈ្មោះថា AMTI របស់សហរដ្ឋអាមេរិក ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។
AMTI បានឲ្យដឹងថា រូបភាពថ្មីបំផុតដែលទទួលបានពីផ្កាយរណបបង្ហាញថា បន្ទាយយោធា និងមូលដ្ឋានសម្រាប់បំពាក់មីស៊ីល រ៉ាដា នឹងប្រព័ន្ធទំនាក់ទំនងមួយចំនួន កំពុងត្រូវបានកសាងឡើងនៅលើបណ្តាកោះសិប្បនិម្មិត ដែលក្នុងតំបន់ថ្មប៉ប្រះទឹក Fiery Cross, Mischief, និង Subi នៃប្រជុំកោះ Spratly។ ទីក្រុងប៉េកាំងបានបញ្ជាក់អះអាងថា ចិនគោរពប្រតិបត្តិយ៉ាងពេញទំហឹង តាមគោលការណ៍សន្តិភាពជាមួយបណ្តាប្រទេសជិតខាង ដែលកំពុងតតាំងគ្នាលើដែនអធិបតេយ្យភាព នៃបណ្តាតំបន់ថ្មប៉ប្រះទឹក និងប្រជុំកោះនានា នៅសមុទ្រចិនខាងត្បូង ក៏ប៉ុន្តែសកម្មភាពយោធានេះ បាននិងកំពុងស្តែងឲ្យឃើញថា ប្រទេសចិនគឺមានបំណងពង្រឹងឥទ្ធិពល នៅក្នុងផ្លូវសមុទ្រដ៏សំខាន់នេះទៅវិញទេ។
គួរបញ្ជាក់ថា ក្រៅពីចិន ប្រទេសដែលពាក់ព័ន្ធក្នុងបញ្ហាវិវាទ នៅដែនសមុទ្រចិនខាងត្បូងនេះរួមមានដូចជាព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ខណៈសហរដ្ឋអាមេរិកដែលពុំមានជាគូបដិបក្ខក្នុងរឿងនេះឡើយនោះ តែងតែបានរិះគន់ចំពោះការពង្រីកវិសាលភាពយោធា របស់ទីក្រុងប៉េកាំង នៅលើបណ្តាកោះសិប្បនិម្មិតទាំងប៉ុន្មានខាងលើ ដោយសារតែព្រួយបារម្ភថា ពួកវានឹងត្រូវប្រើប្រាស់ដើម្បីដាក់កំហិតទៅលើការធ្វើនាវាចរណ៍ដោយសេរី ទៅមកក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលជាច្រកផ្លូវធ្វើពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ពិភពលោក៕