(ម៉ិចស៊ីកូ)៖ យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ និង១០នាក់ទៀតរងរបួស បន្ទាប់ពីកើតមានករណីបាញ់ប្រហារគ្នារវាងក្រុមបងធំស្ថិតនៅទីក្រុង Ciudad Juares ភាគខាងជើងប្រទេសម៉ិចស៊ីកូ ជាប់ព្រំដែននឹងសហរដ្ឋអាមេរិក នៅអំឡុងពេលតែពីរថ្ងៃចុងក្រោយនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។
តាមរបាយការណ៍ពីអាជ្ញាធរម៉ិចស៊ីកូ ក្រុមបងធំគ្រឿងញៀន Sinaloa បានផ្ទុះជម្លោះដ៏ខ្លាំងក្លាជាមួយនឹងក្រុមបងធំនៅក្នុងទីក្រុង Ciudad Juares រយៈពេលពីរថ្ងៃមកនេះ ដោយបានសម្លាប់មនុស្ស ២៤នាក់ ប៉ុន្តែបើគិតពីអំឡុងខែមិថុនាកន្លងទៅនេះវិញ គឺមនុស្សរហូតទៅដល់ ៧០នាក់ឯណោះ ដែលបានស្លាប់នៅក្នុងអំពើហិង្សា ដែលបានកើតមានឡើងជាច្រើនលើក នៅតំបន់ជាប់ព្រំដែនអាមេរិកនោះ។
គួរបញ្ជាក់ថា ការរត់ពន្ធគ្រឿងញៀននៅតែបន្តកើតមាន នៅក្នុងរដ្ឋ Chinhuahua ភាគខាងជើងប្រទេសម៉ិចស៊ីកូ ដែលជាច្រកចេញចូលរវាងប្រទេសទាំងពីរ ហើយក្រុមរត់ពន្ធគ្រឿងញៀន តែងតែធ្វើការវាយប្រហារជាច្រើនលើក ដើម្បីយករដ្ឋខាងលើនេះ ធ្វើជាទីតាំងឈរជើងដ៏រឹងមាំរបស់ខ្លួន។ នៅរយៈពេលពីរទៅបីឆ្នាំចុងក្រោយនេះ ទីក្រុង Ciudad Juares ត្រូវបានកត់ចូលក្នុងបញ្ជីខ្មៅ ជាកន្លែងដែលមានការផ្ទុះអំពើហិង្សាខ្លាំងក្លាបំផុតលើលោក ដោយមានអត្រា ៣,១០០លើក ជាមធ្យមក្នុងមួយឆ្នាំៗ៕