(ញូយ៉ក)៖ អតីតបុគ្គលិកនៃមន្ទីរពេទ្យមួយកន្លែងនៅឯទីក្រុងញូយ៉ក ប្រដាប់ដោយកាំភ្លើងវែងមួយដើម បានបើកការបាញ់ប្រហារនៅក្នុងអគារមន្ទីរពេទ្យយ៉ាងកម្រោល ដែលបានបណ្តាលឲ្យគ្រូពេទ្យម្នាក់បាត់បង់ជីវិត និងមនុស្ស០៦នាក់ផ្សេងទៀតបានទទួលរងរបួស នៅមុនពេលសម្រេចចិត្តបាញ់សម្លាប់ខ្លួនតាមក្រោយ។ នេះបើតាមការឲ្យដឹងពីប៉ូលិសអាមេរិក ដកស្រង់សម្តីដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមប្រភពព័ត៌មានដដែល ហេតុការណ៍ផ្ទុះអាវុធខាងលើបានកើតមានឡើង កាលពីវេលាម៉ោង ២៖៥០នាទី រសៀលថ្ងៃសុក្រសប្តាហ៍នេះ នៅក្នុងមន្ទីរពេទ្យ Bronx Lebanon ដែលស្ថិតក្នុងសង្កាត់ Bronx នៃទីក្រុងញូយ៉ករបស់សហរដ្ឋអាមេរិក។ ខ្មាន់កាំភ្លើងដែលត្រូវបានគេកំណត់កំណត់អត្តសញ្ញាណថា ឈ្មោះ Henry Bello ស្ថិតក្នុងសម្លៀកបំពាក់គ្រូពេទ្យពណ៌ស និងប្រដាប់ដោយអាវុធវែងមួយដើម បានធ្វើសកម្មភាពនៅលើជាន់ទី១៦ និងទី១៧នៃមន្ទីរពេទ្យកើតហេតុ។
យ៉ាងណាមិញ ប៉ូលិសដែលបានឡោមព័ទ្ធជុំវិញអគារមន្ទីរពេទ្យនោះ បានរកឃើញជនដៃដល់ដាច់ខ្យល់ស្លាប់ ដោយសារស្នាមរបួសនៃគ្រាប់កាំភ្លើង ដែលត្រូវបានបាញ់ទៅលើខ្លួនឯង។ ជាមួយគ្នានេះអភិបាលក្រុងញូយ៉កលោក Bill de Blasio ពុំបានចាត់ទុកករណីបាញ់ប្រហារនេះ ជាអំពើភេរវកម្មនោះឡើយ ខណៈមូលហេតុនៅពីក្រោយរឿងហេតុនេះ ក៏ពុំទាន់ត្រូវបានដឹងច្បាស់នោះដែរ៕