(ឡុងដ៍)៖ ប្រធានក្រុមប្រឹក្សានៃសង្កាត់ Kensington និង Chelsea របស់ទីក្រុងឡុងដ៍ លោក Nick Paget-Brown បានសម្រេចលាលែងពីតំណែង ក្រោយពីមានការរិះគន់ជាបន្តបន្ទាប់ ចំពោះការដោះស្រាយបញ្ហារបស់ក្រុមប្រឹក្សានេះ ជុំវិញសោកនាដកម្មឆេះអគារខុនដូកម្ពស់២៤ជាន់ Grenfell Tower នៅក្នុងរាជធានីនៃចក្រភពអង់គ្លេស កាលពីប៉ុន្មានសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅយប់ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។
ការសម្រេចចិត្តធ្វើបែបនេះរបស់លោក Paget-Brown ត្រូវបានធ្វើឡើងបន្ទាប់ពី រូបលោកបានប្រឈមមុខជាមួយការទាមទារឲ្យចុះចេញពីតួនាទី ពីសំណាក់អភិបាលទីក្រុងឡុងដ៍លោក Sadiq Khan រួមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនផ្សេងទៀត នៅចំពោះមុខការរិះគន់ ជុំវិញចំណាត់ការឆ្លើយតបរបស់អាជ្ញាធរក្នុងតបន់ ចំពោះសោកនាដកម្មឆេះអគារខុនដូខាងលើ និងជុំវិញការសម្រេចចិត្តរបស់លោក ក្នុងការព្យាយាមរារាំងក្រុមអ្នកសារព័ត៌មាន រួមទាំងមជ្ឈដ្ឋានសាធារណៈ មិនឲ្យចូលរួមពាក់ព័ន្ធក្នុងកិច្ចប្រជុំលើកទីមួយរបស់ក្រុមប្រឹក្សា បន្ទាប់ពីសោកនាដកម្មដ៏អាក្រក់នេះបានកើតឡើង។ លោក Paget-Brown បានធ្វើការសូមទោសជាសាធារណៈ ចំពោះបណ្តាជនរងគ្រោះទាំងអស់នៃអគារ Grenfell Tower និងបានប្រកាសថាលោកនឹងលាឈប់ពីតំណែងភ្លាមៗ នៅពេលដែលមេដឹកនាំថ្មីត្រូវបានជ្រើសរើស។
គួររំលឹកថា អគារខុនដូ Grenfell Tower ស្ថិតនៅក្នុងសង្កាត់ Kensington ភាគខាងលិចទីក្រុងឡុងដ៍ បានទទួលរងការឆាបឆេះ ចាប់តាំងពីជាន់ទីពីរ រហូតដល់ជាន់លើបំផុត ហើយក្រុមពន្លត់អគ្គីភ័យដល់ទៅជាង២០០នាក់ បានចូលរួមក្នុងប្រតិបត្តិការពន្លត់គ្រោះអគ្គីភ័យដ៏ធំសម្បើមនេះ។ ម៉្យាងវិញទៀតមនុស្សរាប់រយនាក់រួមមានទាំងកុមារ និងជនចាស់ជរា ត្រូវគេជឿជាក់ថា បានស្ថិតក្នុងលំនៅឋានប្រមាណជា១២០ខ្នង ដែលនៅក្នុងអគារកម្ពស់ ២៤ជាន់នោះនៅពេលដែលអគ្គីភ័យបានកើតឡើង។ ខណៈមកទល់ពេលនេះមនុស្សជិត១០០នាក់ ត្រូវបានអាជ្ញាធរជឿជាក់ថា បានស្លាប់ដោយសារតែជាប់នៅក្នុងអគារ រីឯមូលហេតុនៃគ្រោះអគ្គីភ័យនេះវិញ ត្រូវបានប៉ូលិសអះអាងថាមកពីបញ្ហានៃប្រព័ន្ធទូរទឹកកក៕