(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានថ្កោលទោសចំពោះសហរដ្ឋអាមេរិក សម្រាប់ការសម្រេចចិត្តដោយអយុត្តិធម៌ និងមិនសមហេតុសមផលទាល់តែសោះ ក្នុងការដាក់ទណ្ឌកម្មដែលពុំធ្លាប់កើតមានពីមុនមកមកលើធនាគារ និងក្រុមហ៊ុនមួយចំនួនរបស់ចិន ដែលត្រូវបានចោទប្រកាន់ថា មានការជាប់ទាក់ទងនឹងសកម្មភាពនៃកម្មវិធីអាវុធប្រល័យលោករបស់កូរ៉េខាងជើង។ នេះបើតាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានបារាំង AFP នៅយប់ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃសុក្រនេះ លោក Lu បានលើកឡើងថា «យើងសូមស្នើឲ្យភាគីអាមេរិក បញ្ឈប់ការសម្រេចចិត្តដ៏អយុត្តិធម៌និងមិនត្រឹមត្រូវរបស់ពួកគេស្តីពីបញ្ហានេះជាបន្ទាន់ ដើម្បីជៀសរៀងផលប៉ះពាល់ផ្សេងៗ ដែលអាចនឹងកើតមានឡើងចំពោះកិច្ចសហប្រតិបត្តិការដទៃៗទៀត»។ អ្នកនាំពាក្យរូបនេះបានបន្តថា «យើងបានគូសបញ្ជាក់ជាច្រើនដងមកហើយថា យើងជំទាស់ដាច់ខាតចំពោះរាល់ការសម្រេចដាក់ទណ្ឌកម្មជាលក្ខណៈឯកតោភាគី ហើយម៉្យាងវិញទៀតទីក្រុងប៉េកាំង បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវចំណាត់ការទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលប្រឆាំងនឹងទីក្រុងព្យុងយ៉ាង»។
គួរបញ្ជាក់ថា ការធ្វើអត្ថាធិប្បាយខាងលើរបស់លោក Lu ត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងរតនាគារជាតិអាមេរិក បានសម្រេចកាត់ផ្តាច់ធនាគារចិន Dandong ចេញពីប្រព័ន្ធហិរញ្ញវត្ថុសហរដ្ឋអាមេរិក ដោយសារតែបានដើរតួនាទីជាអ្នកសម្របសម្រួល សកម្មភាពហិរញ្ញវត្ថុខុសច្បាប់របស់កូរ៉េខាងជើង។ ធនាគារចិនមួយនេះ ត្រូវបានគេចោទប្រកាន់ថា បានបន្តធ្វើការលុបលាបលុយកខ្វក់រាប់លានដុល្លារ ឲ្យបណ្តាក្រុមហ៊ុនជាច្រើនផ្សេងទៀត ដែលពាក់ព័ន្ធជាមួយសកម្មវិធីអាវុធប្រល័យលោករបស់របបដឹកនាំទីក្រុងព្យុងយ៉ាង។
ម៉្យាងវិញទៀត អាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គលជនជាតិចំនួនពីររូបផងដែរ ដែលបានបង្កើតក្រុមហ៊ុនជួរមុខដើម្បីជួយសម្រួលដល់ទូរទាត់ផ្នែកហិរញ្ញវត្ថុសម្រាប់កូរ៉េខាងជើង រួមទាំងក្រុមហ៊ុនដឹកជញ្ជូនមួយទៀតរបស់ចិន ដែលត្រូវបានចោទប្រកាន់ថាជួយលូចរត់ពន្ធទំនិញហាមឃាត់ចូលទៅកាន់រដ្ឋកុម្មុនិស្តមួយនេះ។
អ្វីដែលគួរឲ្យកត់សម្គាល់ទៅទៀតនោះ ទីក្រុងវ៉ាស៊ីនតោនក៏គ្រោងលក់មីស៊ីលទំនើបចម្រុះជិត២០០គ្រាប់ទៅឲ្យកោះតៃវ៉ាន់ ដែលត្រូវបានចិនចាត់ទុកថាគ្រាន់តែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះថែមទៀត ហើយការសម្រេចចិត្តទាំងអស់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការដាក់សម្ពាធក៏ដូចជាគ្រប់គ្រងសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងបានបរាជ័យហើយ៕