(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្វាគមន៍សមាភាគីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នាឱកាសដែលលោកបំពេញ ដំណើរទស្សនកិច្ចមកកាន់សេតវិមាន ជាទីដែលអ្នកទំាងពីរបានជួបពិភាក្សាមួយទល់នឹងមួយជាលើកដំបូងលើប្រធានបទជាច្រើន ជាពិសេសទាក់ទិននឹងសំណុំរឿងនុយក្លេអ៊ែរ កូរ៉េខាងជើង និងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃយប់សុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងនៅលើ Twitter លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «ជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ចប់ទៅយ៉ាងរលូន ហើយពួកយើងបានពិភាក្សាលើប្រធានបទជាច្រើន រួមមានទំាងកូរ៉េខាងជើងនិ ងទំនាក់ទំនងពាណិជ្ចកម្ម ... មហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង គឺជាក្ដីព្រួយបារម្ភដ៏ធំសម្រាប់សម្ព័ន្ធមិត្តទាំងពីរ»។
ដោយឡែកជុំវិញ ជំនួបនេះដែរ ទីប្រឹក្សារបស់លោក មូន ជែអ៊ីន គឺលោក យុន យង់ចាង (Yoon Young-chan) ក៏បានអះអាងដែរថា លោកត្រាំ និងលោកមូន បានឯកភាពគ្នាលើការដោះស្រាយបញ្ហា នុយក្លេអ៊ែរកូរ៉េខាងជើង ព្រមទំាងកសាងសន្តិភាពនៅលើឧទ្វីបកូរ៉េ និងធានាឱ្យបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទំាងពីរ ឈរលើមូលដ្ឋាននៃទំនាក់ទំនងសម្ព័ន្ធមិត្តដ៏រ៉ឹងមាំ កូរ៉េខាងត្បូង-សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បើគេនិយាយពីទំនាក់ទំនងពាណិជ្ជកម្ម លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់យ៉ាងខ្លំាងលើកិច្ចព្រមព្រៀងពាណិជម្មសេរីកាលពីឆ្នាំ២០១២ ជាមួយកូរ៉េខាងត្បូង ដោយ លោកបានហៅជាកិច្ចព្រមព្រៀងដ៏អាក្រក់និងមិនអាចទទួលយកបាន។ ក៏ប៉ុន្តែកាលពីថ្ងៃអង្គារកន្លងទៅ ក្រុមមន្ត្រីពាណិជ្ជកម្មអាមេរិក បានជំរុញកុំឱ្យលោកត្រាំ បោះបង់កិច្ចព្រមព្រៀងនេះ ចោលត្បិតវាបានជួយសម្រួលដល់លក្ខខណ្ឌនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់កូរ៉េខាងត្បូង៕