(កង់បេរ៉ា)៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោកស្រី Marise Payne នៅថ្ងៃសុក្រនេះ បានទាត់ចោលការផ្ដល់យោបល់ដោយអតីតនាយករដ្ឋមន្ត្រីអូស្រ្ដាលី លោក Tony Abott ដែលថា អូស្ត្រាលីបានប្រព្រឹត្តកំហុសដោយមិនបានទិញនាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរ ដោយលោកស្រីថែមទាំងនិយាយទៀតថា ការទិញនាវាមុជទឹកប្រភេទនេះ អាចនឹងនាំឱ្យដែនអធិបតេយ្យអូស្រ្ដាលីជួបហានិភ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។
កាលពីឆ្នាំ២០១៦ អតីតរដ្ឋាភិបាលអូស្រ្ដាលីក្រោមការដឹកនាំរបស់ លោក Tony Abott បានប្រកាសចំណាយលុយជាង ៣៨.៥ពាន់លានដុល្លារ ដើម្បីចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតនាវាបារាំង DCNS ក្នុងការសាងសង់នាវាមុជទឹក Shortfin Barracuda មានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរចំនួន ១២គ្រឿង។ ដោយឡែកថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ វិទ្យុ ABC រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោកស្រី Marise Payne បានបង្ហាញពីការជំទាស់ទៅនឹងគំរោងនេះ។
លោកស្រី Payne បានបញ្ជាក់យ៉ាងដូច្នេះថា «ការទិញនាវាមុជទឹកនុយក្លេអ៊ែរ នៅពេលនេះ អាចនឹងបង្កជាហានិភ័យដល់ដែនអធិបតេយ្យភាពអូស្ត្រាលី... ហើយការសម្រេចចិត្តរបស់យើង គឺយើងបានរៀនសូត្រពីបទពិសោធន៍ នៃការអភិវឌ្ឍនាវាមុជទឹកCollins... ណាមួយអ្វីដែលយើងចង់ធ្វើ នោះគឺត្រូវធានាឱ្យបានថា យើងអាចការពារដែនអធិបតេយ្យភាព នៃសមត្ថភាពយុទ្ធសាស្ត្រយោធាដ៏អស្ចារ្យ។ ក៏ប៉ុន្តែការជួល ឬក៏ការធ្វើពាណិជ្ជកម្មជាមួយអង្គភាពដទៃ វាអាចនឹងធ្វើឱ្យប៉ះពាល់ ឬលុបចោលសមត្ថភាព ការពារអធិបតេយ្យភាពរបស់យើង»។
គួរបញ្ជាក់ថា បើតាមលោកស្រី Marise Payne ក្នុងពេលបច្ចុប្បន្ន អូស្រា្ដលីគ្មានហេដ្ឋារចនាសម្ព័ន្ធ សម្រាប់តម្រូវតាមការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរនៅឡើយទេ ដូច្នេះអូស្រ្ដាលី ត្រូវការរយៈពេលជាច្រើនឆ្នាំទៅមុខទៀត ដើម្បីអនុវត្តន៍គំរោងនេះ៕