(ស៊ីដនី)៖ នាវាបូមឧស្ម័នធម្មជាតិដ៏ធំជាងគេបង្អស់លើលោក បានចាកចេញពីប្រទេសកូរ៉េខាងត្បូងហើយនាថ្ងៃសុក្រនេះ ហើយត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅដល់តំបន់ Browse Basin ដែលស្ថិតនៅចម្ងាយ ៤៧៥គីឡូម៉ែត្រ ពីឆ្នេរភាគខាងជើងនៃរដ្ឋ Western Australia ប្រទេសអូស្រ្តាលីក្នុងរយៈពេលមួយខែទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។
ជាមួយបណ្តាយប្រវែង ៤៨៨ម៉ែត្រ ទទឹង៧៤ម៉ែត្រ និងទម្ងន់ប្រមាណ ២៦០,០០០តោន នាវាយក្ស Prelude មានសមត្ថភាពធ្វើការបូមយក ចម្រាញ់ ផលិត រួចកែប្រែឧស្ម័នធម្មជាតិប្រភេទរាវ LNG ដោយខ្លួនឯងផ្ទាល់យ៉ាងងាយស្រួលតែម្តង។ Prelude ដែលដូចជារោងចក្រឧស្ម័នដ៏ធំមហិមាមួយអណ្តែតនៅលើផ្ទៃមហាសាគរនោះ ត្រូវបានដាក់ឲ្យដំណើរការដោយក្រុមហ៊ុនឥន្ទនៈ Royal Dutch Shell របស់ហូឡង់-អង់គ្លេស ហើយវាអាចប្រមូលយកធនធានឧស្ម័នធម្មជាតិ នៅតាមតំបន់ឆ្ងាយៗដាច់ស្រយាល បានប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ថា ជាមួយសមត្ថភាពនៃចល័តទីកន្លែងបាននោះ Prelude ត្រូវបានគេរំពឹងថា នឹងផលិតឧស្ម័ន LNG បានដល់ទៅ ៣.៦លានតោនក្នុងមួយឆ្នាំៗ ខណៈប្រតិបត្តិការរបស់កប៉ាល់យក្សនេះ នឹងចាប់ផ្តើមជាផ្លូវការនៅដើមឆ្នាំ២០១៨ខាងមុខ៕