(វ៉ាស៊ីនតោន)៖ កិច្ចព្រមព្រៀងលក់សព្វាវុធទៅឲ្យកោះតៃវ៉ាន់ តម្លៃ១.៤២ពាន់លានដុល្លារ ដែលត្រូវបានសហរដ្ឋអាមេរិកផ្តល់ការអនុញ្ញាតនោះ រួមមានមីស៊ីលទំនើបៗ និងអាវុធការពារដែនអាកាសជាច្រើនគ្រាប់ ទើបជាហេតុបានបណ្តាលឲ្យចិនខឹងសម្បារក្នុងចិត្តជាខ្លាំងបែបនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាមេរិក អាវុធទាំងអស់នោះមានដូចជា មីស៊ីលបាញ់ចេញពីផ្ទៃអាកាសទៅផ្ទៃដី AGM-88B HARM ចំនួន៥០គ្រាប់, AGM-88B Training HARM ចំនួន១០គ្រាប់ ក៏ដូចជាមីស៊ីលការពារដែនអាកាស Standard Missile-2 (SM-2) Block IIIA AUR ចំនួន១៦គ្រាប់, Mk 93 MOD 1 SM-2 Block IIIA GS ចំនួន៤៧គ្រាប់, MK 45 MOD 14 SM-2 Block IIIA TDD ចំនួន០៥គ្រាប់ រួមទាំងគ្រាប់បែបប្រឆាំងនាវាទម្ងន់ធ្ងន់ MK 48 Mod 6AT Heavweight Torpedo (HWT) ចំនួន៤៦គ្រាប់ផងដែរ។
ជុំវិញរឿងនេះឯកអគ្គរដ្ឋទូតចិនប្រចាំអាមេរិក លោក Cui Tiankai បានលើកឡើងថា «ទង្វើទាំងអស់នេះ រួមមានការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន និងជាពិសេសទៅទៀតនោះ គឺការលក់អាវុធដែលមានតម្លៃដល់ទៅ ១.៤២ពាន់លានដុល្លារ ទៅឲ្យតៃវ៉ាន់នេះតែម្តង នឹងជះផលប៉ះពាល់អវិជ្ជមានប្រាកដណាស់ ទៅលើភាពជឿទុកចិត្តគ្នាទៅវិញទៅមករវាងចិន-អាមេរិក និងផ្ទុយស្រទ្បះពីឆន្ទៈនៃជំនួបទល់មុខគ្នាដ៏វិជ្ជមាន រវាងលោកលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង នៅឯរមណីយដ្ឋាន Mar-a-Lago នៃរដ្ឋផ្លូវរីដាកាលពីខែមេសាកន្លងទៅ»។
ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានលើកឡើងថា «រដ្ឋាភិបាលបានផ្តល់ដំណឹងជូនសភាជាផ្លូវការហើយ អំពើសំណើចំនួន០៧ស្តីពីការលក់សព្វាវុធទៅឲ្យកោះតៃវ៉ាន់ ហើយនាពេលនេះវាមានតម្លៃសរុបប្រមាណ ១.៤២ពាន់លានដុល្លារ»។ យ៉ាងណាមិញអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា គោលជំហររបស់សហរដ្ឋអាមេរិក ក្នុងការគោរពតាមគោលនយោបាយចិនតែមួយនោះគឺពុំមានការផ្លាស់ប្តូរនោះឡើយ៕