(អាមេរិក)៖ ស្របពេលដែលអង្គការ NASA កំពុងគ្រោងបញ្ជូនមនុស្សលោកទៅកាន់ភពព្រះអង្គារ (Mars) នៅពេលអនាគតនោះ ចន្លោះប្រហោងផ្នែកបច្ចេកទេសដ៏សំខាន់មួយ ដែលទីភ្នាក់ងារអវកាសអាមេរិកមួយនេះ កំពុងព្យាយាមបំពេញនោះ គឺមធ្យោបាយនៃការផ្តល់ ក៏ដូចជាផ្គត់ផ្គង់ថាមពល នៅលើផ្ទៃរបស់ភពក្រហមនេះ សម្រាប់ផលិតឥន្ទនៈ ទីជម្រក និងគ្រឿងបរិក្ខាដទៃផ្សេងទៀត។ ជម្រើសមួយនៅក្នុងវិធីសាស្រ្តទាំងនោះគឺ ការកសាងរ៉េអាក់ទ័រនុយក្លេអ៊ែរធុនតូចៗល្មម ដែលដំណើរការដោយការបំបែកអាតូម នៃសាធារតុអ៊ុយរ៉ានីញ៉ូម ដើម្បីបង្កើតកម្តៅ ហើយកម្តៅទាំងនោះត្រូវបំលែងទៅជាថាមពលអគ្គិសនី ជាបន្តបន្ទាប់ទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយវិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។
នាយកដ្ឋានអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ ទីភ្នាក់ងារអវកាស NASA បាននិងកំពុងធ្វើការឧបត្ថម្ភ ដល់គម្រោងមួយមានឈ្មោះថា Kilopower សម្រាប់រយៈពេលបីឆ្នាំមកហើយ ជាមួយគោលដៅនៃការធ្វើបទបង្ហាញអំពីប្រព័ន្ធនេះ នៅឯមជ្ឈមណ្ឌលសន្តិសុខជាតិណេវ៉ដា ដែលស្ថិតក្បែរទីក្រុង Las Vegas ហើយការសាកល្បងត្រូវគេបានគ្រោង នឹងប្រព្រឹត្តចាប់ផ្តើមទៅក្នុងខែកញ្ញាខាងមុខនេះ ហើយបិទបញ្ចប់នៅខែមករា ឆ្នាំ២០១៨។ មកទល់ពេលនេះ ថវិកាប្រមាណជា១៥លានដុល្លារត្រូវបានចំណាយទៅលើគម្រោងមួយនេះ។
យោងតាមមន្រ្តីរបស់ NASA ការធ្វើតេស្តទាំងប៉ុន្មានក្នុងខែកញ្ញាខាងមុខនេះ ត្រូវបានរចនាឡើង ដើម្បីផ្ទៀងផ្ទាត់ និងពិនិត្យឡើងវិញទៅលើការរចនា និងសមត្ថភាពដំណើរការរបស់ Kilopower។ ជំហានបន្ទាប់ អង្គការ NASA នឹងរួចរាល់ក្នុងការបន្តអភិវឌ្ឍន៍ ប្រព័ន្ធផ្គត់ផ្គង់ថាមពលនុយក្លេអ៊ែរ ដែលគួរឲ្យទុកចិត្តជាមុនមួយ សម្រាប់ការធ្វើតេស្តនៅលើភពអង្គារផ្ទាល់ និងកន្លែងផ្សេងៗទៀត។
រ៉េអាក់ទ័រសម្រាប់ការធ្វើសាកល្បងក្នុងពេលប៉ុន្មានខែខាងមុខនោះ ដែលមានកម្ពស់១.៩ម៉ែត្រ ត្រូវបានរចនាឡើងដើម្បីផលិតថាមពលអគ្គីសនី ឲ្យមានរហូតដល់មួយគីឡូវ៉ាត់ក្នុងមួយគ្រឿង ខណៈក្រុមវិស្វករជំនាញរបស់ NASA បានបញ្ជាក់ថា ដំណើរផ្សងព្រេងលើកដំបូងរបស់មនុស្សនៅភពអង្គារ នឹងទាមទារឲ្យមានប្រព័ន្ធមួយ ដែលមានសមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនី ឲ្យបានប្រហែល៤០គីឡូវ៉ាត់។
បើតាមអង្គការ NASA ជម្រើសមួយទៀតនោះគឺការប្រើប្រាស់ថាមពលសូឡា (ព្រះអាទិត្យ) ក៏ប៉ុន្តែប្រការនេះនឹងដាក់កំហិតទៅលើការបង្កើតថាមពលអគ្គិសនី នៅតាមតំបន់ទាំងឡាយ ដែលមិនបានទទួលពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ហើយទីកន្លែងដែលមានពន្លឺថ្ងៃខ្លាំងជាងគេ នៅលើភពអង្គារ ទទួលបានបរិមាណនៃពន្លឺព្រះអាទិត្យក្នុងកម្រិតត្រឹមតែមួយភាគបីប៉ុណ្ណោះ បើធៀបនឹងភពផែនដី។ ហេតុដូច្នេះហើយការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ គឺជាមធ្យោបាយយុទ្ធសាស្រ្តដ៏សំខាន់បំផុត ដោយពួកវាអាចបន្តដំណើរការជាធម្មតា ទោះបីស្ថិតនៅក្នុងលក្ខណៈអាកាសធាតុ មិនអំណោយផលយ៉ាងក្តី ដូចជាព្យុះធូលីដ៏ខ្លាំងក្លារបស់ភពក្រហមនេះជាដើម៕