(ហុងកុង)៖ នាថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រធានាធិបតីចិនលោក ស៊ីន ជិនពីង កំពុងធ្វើការចុះត្រួតពិនិត្យដោយផ្ទាល់ ទៅលើមូលដ្ឋានទ័ពនៅទីក្រុងហុងកុង ស្របពេលដែលមេដឹកនាំចិនរូបនេះ កំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅទីនេះ ដើម្បីចូលរួមពិធីអបអរសាទរគម្រប់ខួប២០ឆ្នាំនៃការវិលត្រឡប់របស់ហុងកុង មកកាន់ចិនដីគោកវិញ។
កាលពីថ្ងៃព្រហស្បតិ៍ ថ្លែងក្នុងឱកាសមកដល់ទីក្រុងហុងកុងភ្លាមៗ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបង្ហាញការប្តេជ្ញាថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងជួយគាំទ្រជានិច្ចចំពោះការអភិវឌ្ឍសេដ្ឋកិច្ច នៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) និងលើកស្ទួយសុខុមាលភាពនៃប្រជាជនទាំងអស់ របស់ទីក្រុងភាគនិរតីមួយនេះផងដែរ។
លោក ស៊ី ជិនពីង បានមកដល់ទីក្រុងហុងកុងនាពេលនេះ ដើម្បីចូលរួមក្នុងពិធីរំលឹកខួបទី២០ឆ្នាំគត់ ដែលតំបន់រដ្ឋបាលពិសេសលំដាប់កំពូលរបស់ចិនមួយនេះ ត្រូវបានអាណានិគមអង់គ្លេស ព្រមដកចេញ និងប្រគល់ឲ្យទីក្រុងប៉េកាំងគ្រប់គ្រងជាផ្លូវការ កាលពីឆ្នាំ១៩៩៧។
លោក ស៊ី ជិនពីង ដែលមានតួនាទីជាអគ្គលេខាធិការ នៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធាននៃគណកម្មការយោធាមជ្ឈិមផងដែរនោះ នឹងស្ថិតនៅទីក្រុងភាគអាគ្នេយ៍ប្រទេសចិនមួយនេះ រហូតដល់ថ្ងៃសៅរ៍ ដើម្បីអបអរទិវាខួបទី២០ឆ្នាំ និងចូលរួមធ្វើជាប្រធានកិត្តិយស នៃពិធីឡើងកាន់តំណែងរបស់ ប្រធានប្រតិបត្តិថ្មីនៃទីក្រុងហុងកុង (អភិបាលក្រុង) លោកស្រី Charrie Lam និងគណៈរដ្ឋមន្ត្រីរបស់លោកស្រីផងដែរ។
គួរបញ្ជាក់ថា ទីក្រុងហុងកុងជាតំបន់ដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងបំផុតប្រចាំតំបន់អាស៊ី និងប្រទេសចិន ហើយដែលទីក្រុងនេះក៏តែងតែរីករាយនឹងសិទ្ធិស្វ័យភាព បន្ទាប់ពីចិន និងអង់គ្លេសបានចុះហត្ថលេខាដោះដូរ ទីក្រុងភាគអាគ្នេយ៍ប្រទេសចិននេះមកវិញកាលពីឆ្នាំ១៩៩៧ផងដែរ បន្ទាប់ពីការដាក់អាណនិគមនៅអំឡុងទសវត្សរ៍ឆ្នាំ១៨៤០.
សូមទស្សនាវីដេអូស្តែងពីសកម្មភាពត្រួតពលរបស់លោក ស៊ី ជិនពីង ដូចខាងក្រោម៖