(ឡុងដ៍)៖ ខណៈកម្មវិធីវីរុសឈ្មោះថា Petya បាននិងកំពុងលុកលុយលើប្រព័ន្ធកុំព្យូទ័រ របស់បណ្ដាក្រុមហ៊ុន និងស្ថាប័នជាច្រើននៅអឺរ៉ុប និងសហរដ្ឋអាមេរិក ក្រុមអ្នកជំនាញមួយចំនួនយល់ថា ពួកចោរព័ត៌មានវិទ្យា ឬHacker ដែលនៅពីក្រោយការបង្កើតវីរុសព័ត៌មានវិទ្យានេះ មិនមែនមានគោលដៅជំរិតទារប្រាក់ពីអ្នកប្រើប្រាស់នោះទេ តែពួកគេមានបំណង បំផ្លាញទិន្នន័យកុំព្យូទ័រចោលតែម្ដង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។
មិនខុសគ្នាពីវីរុស Wannacry ដែលបានបង្កផលប៉ះពាល់ដល់កុំព្យូទ័រច្រើនជាង ២៣០,០០០គ្រឿង នៅទូទំាង១៥០ប្រទេសនាពេលថ្មីនេះទេ ដោយវីរុស Petya គឺមានសមត្ថភាពរីករាលដាល យ៉ាងឆាប់រហ័សលើកុំព្យូទ័រអ្នកប្រើប្រាស់កម្មវិធី របស់ក្រុមហ៊ុន Microsoft។ ជាងនេះទៅទៀត នៅពេលដែលវីរុសនេះជ្រាបចូល នោះវានឹងធ្វើឱ្យកុំព្យូទ័រគាំងដំណើរការមិនកើត ហើយបើ សិនជាងចង់ដំណើការឡើងវិញ ទាល់តែបង់ប្រាក់តាមការទាមទារពីសំណាក់ពួក Hacker យ៉ាងហោចណាស់ក៏ ៣០០ដុល្លារដែរ។
ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញព័ត៌មានវិទ្យាដូចជា លោក Matt Suiche យល់ថាពួកHacker មិនមែនប្រើប្រាស់វីរុស Petya ដើម្បីជំរិតទារប្រាក់ឡើយ ក៏ប៉ុន្តែគឺដើម្បីបំផ្លាញទិន្នន័យចោល ជាក់ស្ដែងពួកគេក៏ធ្លាប់បានធ្វើដូចនេះផងដែរ លើប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋាភិបាលអ៊ុយក្រែន ជាទីដែលវីរុសនេះចាប់រីករាលដាលដំបូងគេ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញព័ត៌មានវិទ្យា ដើម្បីការពារកុំព្យូទ័រពីវីរុស Petya អ្នកប្រើប្រាស់ គប្បីត្រូវតែប្រុងប្រយ័ត្ន ចំពោះការចូលទៅអានសារ ឬ website ដែលមានប្រភពមិនច្បាស់លាស់ ស្របពេលមកទល់ពេលនេះ គេមិនទាន់បញ្ជាក់បាននៅឡើយទេថា អ្នកណាជាអ្នកនៅពីក្រោយការបង្កើតវីរុស Petya ដោយគ្រាន់តែគេសង្ស័យថា អ្នកបង្កើតវីរុសនេះឡើងហាក់ដូចជាមានគោលដៅលើរដ្ឋាភិបាលអ៊ុយក្រែន៕
http://www.khmertalking.com/wp-content/uploads/2017/06/k2145.jpg