(ម៉ាឌ្រីត)៖ សីតុណ្ហភាពនៅតាមបណ្តាយឆ្នេរសមុទ្រជុំវិញ ប្រទេសអេស៉្បាញបានឡើងកើនខ្ពស់ហួសពីធម្មតា នៅក្នុងខែមិថុនានេះ ដែលរហូតដល់បានបង្កឲ្យមានភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅមួយថែមទៀតផង ក៏ប៉ុន្តែគ្រោះមហន្តរាយធម្មជាតិនេះ ពុំបានបណ្តាលឲ្យមនុស្សណាម្នាក់ ទទួលរងគ្រោះនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។
ដោយសារសីតុណ្ហភាពបានឡើងក្តៅខ្លាំង គ្រោះមហន្តរាយភ្លើងឆេះព្រៃមួយ ក៏បានកើតមានឡើងក្នុងសប្តាហ៍នេះ តែជាសំណាងល្អក្រុមភ្នាក់ងារពន្លត់អគ្គីភ័យអេស៉្បាញ នៅទីបំផុតក៏អាចពន្លត់អគ្គីភ័យនេះ ដែលបានគំរាមកំហែងដល់ឧទ្យានជាតិមួយ មានឈ្មោះថា Donna National Park ដែលត្រូវបានចាត់ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក របស់អង្គការ UNESCO កាលពីឆ្នាំ១៩៩៤ ឲ្យរលត់ទៅវិញបានជោគជ័យ និងពុំមានមនុស្សណាម្នាក់រងគ្រោះនោះឡើយ។ ក៏ប៉ុន្តែមនុស្សប្រមាណ ២,០០០ពាក់ ត្រូវបានជម្លៀសខ្លួនជាបណ្តោះអាសន្នសិនដើម្បីសុវត្ថិភាព។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនេះបានកើតឡើងក្នុងចន្លោះពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីហេតុការណ៍ដូចគ្នា បានផ្តាច់យកអាយុជីវិតមនុស្សចំនួន ៦៤នាក់ នៅក្នុងប្រទេសព័រទុយហ្គាល់ ដែលជាអ្នកជិតខាង ហើយដូចទៅនឹងអេស្ប៉ាញដែរនោះ គឺកំពុងតែទទួលរងគ្រោះចំពោះការខ្សត់ភ្លៀងធ្លាក់ និងការកើនឡើងសីតុណ្ហភាពឥតឈប់ឈរ៕