(វ៉ាស៊ីនតោន)៖ បន្ទាប់ពីបានតទល់តាមផ្លូវច្បាប់ អស់រយៈពេល០៥ខែមកនេះ នៅទីបំផុតបទបញ្ជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្ដីពីការហាមឃាត់បណ្ដោះអាសន្នការធ្វើ ដំណើររបស់ជនភៀសខ្លួន និងប្រជាជនមកពីប្រទេសអ្នកកាន់សាសនាអ៊ីស្លាមទាំង០៦ ចូលជាន់ដីអាមេរិក បានចូលជាធរមានហើយ នៅយប់ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) អនុឡោមតាមសេចក្ដីសម្រេចពីតុលាការកំពូល ដែលនឹងពិនិត្យជាលើកចុងក្រោយ លើបទបញ្ជាដ៏ចម្រូងចម្រាសនេះនៅខែតុលាខាងមុខ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Washintong Post នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។
បើតាមរដ្ឋបាល លោក ដូណាល់ ត្រាំ វិធានការហាមឃាត់នេះ គឺមានភាពចាំបាច់ក្នុងការទប់ស្កាត់ក៏ដូចជារារាំងក្រុមភេរវករ ចូលក្នុងសហរដ្ឋអាមេរិក ក៏ប៉ុន្តែក្រុមអ្នកការពារសិទ្ធិមនុស្ស បានហៅបទបញ្ជានេះថា មានការរើសអើងដោយមានគោលដៅលើប្រជាជនមូស្លីម។ ដូច្នេះចាប់ពីពេលនេះតទៅ ផ្អែកលើការចូលជាធរមាននេះ ប្រជាជនមូស្លីមមកពីប្រទេសចំនួន០៦មានដូចជា អ៊ីរ៉ង់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី និងយ៉េមែន នឹងត្រូវបានហាមមិនឱ្យចូលជាន់ដីអាមេរិក សម្រាប់រយៈពេល៩០ថ្ងៃ និង១២០ថ្ងៃ សម្រាប់ជនភៀសខ្លួននានា។
ទោះបីយ៉ាងណាក៏ដោយកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសអាមេរិកក៏បានបញ្ជាក់ដែរថា ការស្នើសុំទិដ្ឋាការ របស់ប្រជាជនមកពីប្រទេសជាប់បម្រាមទំាង០៦នេះ អាចនឹងត្រូវផ្ដល់ឱ្យបុគ្គលទំាងឡាយណា ដែលមានទំនាក់ទំនងល្អជាមួយបុគ្គល ឬក៏ស្ថាប័ននៃរដ្ឋាភិបាលអាមេរិក។ ពោលគឺនិយាយឱ្យចំ បើចង់ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក លុះត្រាតែ ពួកគេមានសាច់ញាតិស្និទ្ធស្នាលនៅទីនោះ ហើយសាច់ញាតិនេះទៀតសោត ទាល់តែជាឪពុកម្ដាយ ប្ដី ឬប្រពន្ធកូន កូនប្រសារ ប្រុសស្រី ឬក៏កូនមានម្ដាយឪពុកទីទៃជាដើម ចំណែកឯសាច់ញាតិដូចជា ជីតា ជីដូន ឬក៏គូដណ្ដឹងមិនត្រូវបានរាប់បញ្ចូលឡើយ៕