(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានធ្វើការធានាអះអាងដល់កងទ័ពរបស់លោកកាលពីពេលថ្មីៗនេះថា លោកនឹងការពារពួកគេពីការចោទប្រកាន់ផ្លូវច្បាប់ទាំងអស់ ប្រសិនបើពួកគេជ្រុលដៃសម្លាប់អាយុជីវិត ពលរដ្ឋស៊ីវិលស្លូតត្រង់ដោយអចេតនា ស្របពេលកំពុងប្រយុទ្ធតតាំងជាមួយក្រុមឧទ្ទាមបណ្តាញ ISIS ដែលបានចូលដណ្តើមកាន់កាប់ទីក្រុង Marawi ភាគខាងត្បូងប្រទេសកាលពីជាងមួយខែមុន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានថៃបាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។
លោក ឌូតឺតេ បានថ្លែងថា «កងកម្លាំងយោធាមិនប៉ុនប៉ងសម្លាប់ជនស៊ីវិលនោះឡើយ ប៉ុន្តែពួកគេក៏ពុំគួរមានភាពស្ទាក់ស្ទើរ ក្នុងការវាយប្រហារកម្ចាត់ក្រុមសកម្មប្រយុទ្ធ ដោយសារតែមានវត្តមានរបស់ប្រជាពលរដ្ឋស្លូតត្រង់នោះដែរ។ វាគឺជាកាតព្វកិច្ចរបស់ជនស៊ីវិលទាំងនោះទៅវិញទេ ដែលត្រូវរត់ភៀសខ្លួនពីកន្លែងប៉ះទង្គិចគ្នា ឬស្វែងរកកន្លែងជ្រកការពារខ្លួន ដើម្បីសុវត្ថិភាពខ្លួនឯងផ្ទាល់»។ លោកប្រធានាធិបតីហ្វីលីពីន បានផ្តល់ទំនុកដល់កងទ័ពទាំងអស់ ដែលកំពុងបន្តប្រយុទ្ធប្រឆាំងជាមួយក្រុមសកម្មថា រូបលោកនឹងធ្វើយ៉ាងណាការពារពួកគេ មិនឲ្យមានទោសទណ្ឌជាដាច់ខាត ដោយសារតែការធ្វើឲ្យបាត់បង់ជិវិតប្រជាជនដោយអចេតនា។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ពីយោធាហ្វីលីពីន ចាប់តាំងតែលោក ឌូតឺតេ បានបញ្ជាឲ្យអនុវត្តន៍ច្បាប់អាជ្ញាសឹកនៅទូទាំងកោះ Mindanao និងបង្គាប់ឲ្យកងទ័ពធ្វើប្រតិបត្តិការកម្ទេចក្រុមសកម្មប្រយុទ្ធបណ្តាញ ISIS ដែលបានចូលដណ្តើមគ្រប់គ្រងទីក្រុង Marawi កាលពីថ្ងៃទី២៣ ខែឧសភាមក មនុស្សសរុបចំនួនជាង ៤០០នាក់ហើយបានបាត់បង់ជីវិត ដោយក្នុងនោះមានពួកឧទ្ទាម ៣០៣នាក់ ជនស៊ីវិល ៤៤នាក់ និងកងទ័ព ៧៥នាក់៕