(ញូយ៉ក)៖ ក្រុមហ៊ុនលក់សម្លៀកបំពាក់កីឡាលំដាប់ថ្នាក់ពិភពលោក Nike បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការលក់ផលិតផលរបស់ខ្លួនក្នុងចំនួនកំណត់មួយ តាមរយៈក្រុមហ៊ុនលក់ទំនិញអនឡានដ៏ពេញនិយម Amazon។ នេះបើតាមការបញ្ជាក់ពីនាយកប្រតិបត្តិរបស់ Nike គឺលោក Mark Parker ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។
លោក Parker បានឲ្យដឹងថា ក្រុមហ៊ុន Amazon នឹងធ្វើការដាក់លក់ផលិតផលរបស់ Nike ក្នុងចំនួនកំណត់មួយ ដែលរួមមានទាំងស្បែកជើង សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំចម្រុះដទៃផ្សេងទៀត និងបានបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុន Nike កំពុងព្យាយាមបង្កើនវត្តមានរបស់ខ្លូននៅលើវែបសាយលក់ទំនិញអនឡាញនេះ។ ម៉្យាងវិញទៀតលោក Parker បានបន្តថា ការសហការនេះគ្រាន់តែជាការសាកល្បងមួយសិនប៉ុណ្ណោះ ដោយក្រុមហ៊ុនរបស់លោក នឹងទន្ទឹងរង់ចាំដើម្បីធ្វើការវាយតម្លៃ ទៅលើលទ្ធផលដែលនឹងទទួលបាន។
បើតាមលោក Parker ក្រុមហ៊ុន Nike ក៏នឹងបង្កើនការលក់ផលិតផលដោយផ្ទាល់ តាមរយៈវែបសាយផ្លូវការ ក៏ដូចជាកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុនផ្ទាល់ផងដែរ៕