(វ៉ាស៊ីនតោន)៖ ទង្វើរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ រួមមានទាំងការលក់សព្វាវុធទៅឲ្យកោះតៃវ៉ាន់ និងការដាក់ទណ្ឌកម្ម ប្រឆាំងទៅនឹងក្រុមហ៊ុនចិនមួយចំនួនផងដែរនោះ នឹងបង្កផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគី ហើយផ្ទុយពីឆន្ទៈនៃកិច្ចប្រជុំកំពូលលើកទីមួយនៅឯរដ្ឋផ្លូវរីដារវាងប្រធានាធិបតី លោក ដូណាល់ ត្រាំ និងប្រធានាធិបតី លោក ស៊ី ជិនពីង កាលពីខែមេសាកន្លងទៅជាក់ជាមិនខានឡើយ។ នេះបើតាមសម្តីររបស់ឯកអគ្គរដ្ឋទូតចិន ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។
លោកឯកអគ្គរដ្ឋទូត Cui Tiankai បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ទង្វើទាំងអស់នេះ រួមមានការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន និងជាពិសេសទៅទៀតនោះ គឺការលក់អាវុធដែលមានតម្លៃដល់ទៅ ១.៤២ពាន់លានដុល្លារទៅឲ្យតៃវ៉ាន់ នឹងជះផលប៉ះពាល់អវិជ្ជមានប្រាកដណាស់ ទៅលើភាពជឿទុកចិត្តគ្នាទៅវិញទៅមក រវាងភាគីទាំងពីរ និងផ្ទុយស្រទ្បះពីឆន្ទៈនៃជំនួបទល់មុខគ្នាដ៏វិជ្ជមាន នៅឯរមណីយដ្ឋាន Mar-a-Lago»។
ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានលើកឡើងថា «រដ្ឋាភិបាលបានផ្តល់ដំណឹងជូនសភាជាផ្លូវការហើយ អំពើសំណើចំនួន០៧ស្តីពីការលក់សព្វាវុធទៅឲ្យកោះតៃវ៉ាន់ ហើយនាពេលនេះវាមានតម្លៃសរុបប្រមាណ ១.៤២ពាន់លានដុល្លារ»។ យ៉ាងណាមិញអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា គោលជំហររបស់សហរដ្ឋអាមេរិក ក្នុងការគោរពតាមគោលនយោបាយចិនតែមួយនោះគឺពុំមានការផ្លាស់ប្តូរនោះឡើយ៕