(ម៉ូស្គូ)៖ នៅទីបំផុតស្ថាបនិក Telegram លោក Pavel Durov បានយល់ព្រមចុះបញ្ជីក្រុមហ៊ុនរបស់ខ្លួន ស្របតាមច្បាប់នៅក្នុងប្រទេសរុស្ស៊ីហើយ បន្ទាប់ពីមានការដាក់សម្ពាធពីសំណាក់អាជ្ញាធរនិយ័តកម្មរុស្ស៊ី ដែលព្រមានបិទបើសិនជាមិនអនុវត្តន៍តាមច្បាប់ថ្មីស្ដីពីការគ្រប់គ្រងទិន្នន័យ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រទី៣០ ខែមិថុនា ឆ្នាំ២០១៧។
យោងតាម លោក Pavel Durov ក្រុមហ៊ុន Telegram បានចុះឈ្មោះក្នុងបញ្ជីអ្នកចែកចាយព័ត៌មាន របស់រដ្ឋាភិបាលរុស្ស៊ី។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ស្ថាបនិកវ័យក្មេងរូបនេះ នៅតែទទូចដដែលថា ក្រុមហ៊ុននឹងមិនចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ឡើយ។ Telegram បានផ្ដល់ឱ្យអ្នកប្រើប្រាស់នូវកម្មវិធីផ្ញើសារបម្លែងទៅជាកូដ ដែលមិនអាចឱ្យក្រុមឧក្រិដ្ឋជន ឬក្រុមអាជ្ញាធរអានសារទំាងនោះបានឡើយ នៅពេលត្រូវគេ Hack ហើយដែលនេះទើបកម្មវិធីនេះ មានប្រជាប្រិយភាពកាន់តែខ្លាំងសម្រាប់ពួកភេរវករដូចជា ISIS ប្រើវាក្នុង ការអនុវត្តន៍សកម្មភាពវាយប្រហារភេរវកម្មរបស់ពួកគេ។ ដូច្នេះទើបរដ្ឋាភិបាលរុស្ស៊ី បានដាក់ចេញច្បាប់ថ្មីមួយស្ដីពីទិន្នន័យ ដោយតម្រូវឱ្យមានការចែករំលែកព័ត៌មាន តាមរយៈការចុះបញ្ជីជាមួយអាជ្ញាធរនិយ័តកម្មរុស្ស៊ី និងស្ដុកទុកទិន្នន័យអ្នកប្រើប្រាស់រយៈពេល០៦ខែ។
គួរបញ្ជាក់ថា បច្ចុប្បន្ន Telegram មានអ្នកប្រើប្រាស់ប្រមាណជា១០០លាននាក់ ហើយការតម្រូវរបស់អាជ្ញាធររុស្ស៊ី បានបង្កជាការរិះគន់យ៉ាងខ្លំាង នៅក្នុងចំណោមក្រុមអ្នកការពារសិទ្ធិមនុស្ស៕