(ហុងកុង)៖ ថ្មីៗនេះការប្រឈមមុខដាក់គ្នារវាងចិន និងហុងកុង កំពុងឡើងកំដៅជាថ្មី បន្ទាប់ពីចិនប្រារព្ធពិធីខួបលើកទី២០ នៃការទទួលបានទឹកដីហុងកុងពីអាណានិគមន៍អង់គ្លេសមកវិញ ដែលពិធីនេះបានបង្កភាពមិនសប្បាយចិត្តទាល់តែសោះពីសំណាក់ប្រជាពលរដ្ឋហុងកុង។ នេះមិនមែនជាលើកទីមួយទេ ដែលដែនដីស្វយ័តនេះ តែងសម្តែងការប្រឆាំងចំពោះរដ្ឋាភិបាលក្រុង ប៉េកាំង ដែលមានបំណងចង់ប្រើប្រាស់អំណាចគ្របសង្កត់លើដែនដីដ៏តូចរបស់ខ្លួនបែបនេះ។

តើដែនដីហុងកុងដ៏តូចចង្អៀតដែលស្ថិតក្នុងចំណោមកូននាគទាំង៤នៅអាស៊ី មានស្ថានភាពទូទៅបែបណា? តើរដ្ឋាភិបាលចិនដីគោក និងហុងកុងមានទំនាក់ទំនងអ្វីនឹងគ្នា? ហេតុអ្វីបានជាភាពរកាំរកូសបន្តកើតមានឡើងមិនឈប់មិនឈររវាងចិន និងហុងកុង? តើអ្វីជាប្រភពនៃការប្រឈមមុខដាក់គ្នានេះ?

ខាងក្រោមនេះជាព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងដែនដីហុងកុង៖
* ភាសា៖ ចិន និងអង់គ្លេស
* ជនជាតិ៖ ចិន៩៣.៦ភាគរយ និងជនជាតិផ្សេងៗទៀត៦.៤ភាគរយ
* ផ្ទៃដី៖ ២,៧៥៥គីឡូម៉ែត្រការ៉េ
* ដែនទឹក៖ ៥៩.៨ភាគរយ
* ចំនួនប្រជាជន៖ ៧,៣៧៤,៩០០នាក់(ឆ្នាំ២០១៦)
* ដងស៊ីតេ៖ ៦,៥៤៤គីឡូម៉ែត្រការ៉េ
* GDP សរុប៖ ៤២៩.៦៥២ពាន់ដុល្លារ

ហុងកុង មានឈ្មោះជាផ្លូវការថា «តំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋចិន» ជាដែនដីស្វយ័ត លាតសន្ធឹងលើដីសណ្តទន្លេ Pearl ប្រទេស ចិន។ ដែនដីហុងកុង ស្ថិតនៅភាគខាងកើត ទល់មុខនឹងដែនដីម៉ាកាវ ដែលពុះចែកទឹកដីទាំងពីរ ដោយដីសណ្តទន្លេ Pearl។ ហុងកុងមានព្រំប្រទល់ខាងជើង ជាប់ខេត្ត Guangdong ដែលជាចំណុចតភ្ជាប់រវាងហុងកុង និងចិនដីគោក។ ហុងកុងជាដែនដីដែលជម្រុះដោយជាតិសាសន៍ជាច្រើន និងត្រូវបានចាត់ទុកថា ជាដែនដីមានដែលដង់ស៊ីតេខ្ពស់បំផុតជាប់ចំណាត់ថ្នាក់ទី៤លើពិភពលោក។

* ប្រវត្តិទឹកដីហុងកុង៖
បន្ទាប់ពីសម័យសង្គ្រាមអាភៀនលើកទីមួយ ដែលកើតឡើងនូវរវាងឆ្នាំ១៨៣៩ ដល់ឆ្នាំ១៨៤២ ហុងកុងបានក្លាយជាដែនដីអាណានិគមរបស់អង់គ្លេស។ ក្រោយមកទឹកដីដ៏តូចនេះរងការឈ្លានពានពីសំណាក់ប្រទេសជប៉ុន ក្នុងសម័យសង្គ្រាមលោកលើកទីពីរ។ អង់គ្លេសបានគ្រប់គ្រងដែនដីនេះជាថ្មីក្នុងឆ្នាំ១៩៤៥ បន្ទាប់ពីជប៉ុនដាក់អាវុធចុះចាញ់សង្គ្រាមលោកលើកទីពីរ។

ក្នុងឆ្នាំ១៩៧១ អាសនៈរបស់កោះតៃវ៉ាន់ក្នុងអង្គការសហប្រជាជាតិ ត្រូវបានផ្ទេរជាកម្មសិទ្ធរបស់ចិនវិញម្តង ពេលនោះហើយដែលតួនាទីរបស់ហុងកុង ក្នុងនាមជាប្រទេសក្រោមអណានិគមត្រូវបានលុបបំបាត់ក្នុងឆ្នាំ១៩៧២ ក្រោមសំណើររបស់ប្រទេសចិន ទៅអង្គការសហប្រជាជាតិ។ ក្នុងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៧១ មហាសន្និបាតអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចដកហុងកុង និងម៉ាកាវចេញពីបញ្ជី នៃដែនដីក្រោមអណានិគម។

ក្នុងឆ្នាំ១៩៨៣ ព្យុះ Typhoon Ellen បានធ្វើការវាយប្រហារហុងកុង បណ្តាលឱ្យមានការខូចខាតយ៉ាងដំណំទាំងអាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិ។ ប្រាក់ដុល្លារហុងកុងបានធ្លាក់ចុះយ៉ាងគំហុកនៅថ្ងៃសៅរ៍ រហូតដល់មានការហៅថា ថ្ងៃសៅរ៍ដ៏ខ្មៅងងឹត (Black Saturday) ជាមួយគ្នានេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក John Bremridge បានប្រដូចស្ថានភាពសេដ្ឋកិច្ចនេះ ជាមួយនឹងអស្ថិរភាពនយោបាយ។

ជាការឆ្លើយតបរដ្ឋាភិបាលចិន បានថ្កោលទោសចក្រភពអង់គ្លេស តាមរយៈសារព័ត៌មានថា «កំពុងប្រើប្រាស់សេដ្ឋកិច្ចធ្វើជាសន្លឹកបៀ» ដើម្បីសម្រេចបាននូវបំណងរបស់ខ្លួន ដែលចង់បំភ័យចិនដើម្បីឱ្យចិនបំពេញ តាមការទាមទាររបស់ខ្លួន។

នៅក្នុងពេលប្រឈមមុខនឹងភាពមិនច្បាស់លាស់អំពីអនាគតរបស់ហុងកុង លោក MacLehose បានលើកឡើងនូវសំណើរពិភាក្សាពីហុងកុងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ថាតើហុងកុង គួរតែស្ថិតក្នុងរូបភាពបែបនេះ បន្ទាប់ពីផ្តាច់ខ្លួនចេញពីការគ្រប់គ្រងរបស់អង់គ្លេស។

ទីបំផុតកិច្ចព្រមព្រៀងរវាងភាគីចិន និងអង់គ្លេស ត្រូវបានលេចរូបរាងឡើងក្នុងឆ្នាំ១៩៨៤ ដែលមានឈ្មោះ សេចក្តីថ្លែងការណ៍រួមរវាងចិន និងអង់គ្លេស។ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាងក្នុងការផ្ទេរអធិបតេយ្យភាពរបស់ ហុងកុង ទៅជាកម្មសិទ្ធរបស់ចិន ក្នុងថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧ តែហុងកុងនៅតែបន្តជាតំបន់ស្វយ័ត ដោយមានឈ្មោះថា តំបន់រដ្ឋបាលពិសេសហុងកុង និងអាចរក្សាទម្រង់សេដ្ឋកិច្ចទីផ្សារសេរី ប្រើប្រាស់មូលដ្ឋានច្បាប់អង់គ្លេស អាចមានតំណាងម្នាក់ក្នុងអង្គការអន្តរជាតិនានាឯករាជ្យពីចិន។ ជាក់ស្តែងដូចជា អង្គការ WTO អង្គការ WHO ជាដើម។ តែអ្វីដែលលើកលែងគឺ ហុងកុងនៅតែស្ថិតក្រោមដំបូលរបស់ចិន លើកលែងតែទំនាក់ទំនងការបរទេស និងវិស័យយោធាការពារជាតិ។

ក្នុងកិច្ចព្រមព្រៀងនេះបានបញ្ជាក់ថា ហុងកុង អាចរក្សាទម្រង់ច្បាប់ និងធានាបាននូវស្វយ័តភាពរបស់ខ្លួន ក្នុងកម្រិតខ្ពស់បំផុត យ៉ាងហោចណាស់រយៈពេល៥០ឆ្នាំរាប់ចាប់ពីការផ្ទេរអំណាចនេះ។ ដោយឡែកមូលដ្ឋាន ច្បាប់ហុងកុង ដែលពឹងផ្អែកលើច្បាប់របស់អង់គ្លេស នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងរដ្ឋធម្មនុញ្ញ បន្ទាប់ពីការផ្ទេរអំណាច។ កិច្ចព្រមព្រៀងនេះបានចូលជាធរមានក្នុងឆ្នាំ១៩៩០។

ក្រោមគោលការណ៍ «ប្រទេសតែមួយ ប្រព័ន្ធនយោបាយពីរ» ហុងកុងនៅតែបន្តរក្សាការកាត់ផ្តាច់នយោបាយ និងសេដ្ឋកិច្ចចេញពីប្រទេស ចិន។ លើកឡែងតែវិស័យយោធាការពារជាតិ និងកិច្ចការបរទេស។ ជាមួយគ្នានេះដែរ ហុងកុងក៏មានភាពឯករាជ្យលើអំណាចនីតិបញ្ញតិ្ត ប្រតិបត្តិ និងតុលាការ។ លើសពីនេះទៅទៀតនោះ ហុងកុងបានអភិវឌ្ឍន៍ទំនាក់ទំនងដោយផ្ទាល់ជាមួយបរទេស និងអង្គការអន្តរជាតិផងដែរ។ យ៉ាងនេះក្តី ចិនតែងតែបង្ហាញឥរិយាបទដោយចង់ដាក់ហុងកុង ក្រោមការគ្រប់គ្រងរបស់ខ្លួន មកដល់បច្ចុប្បន្ន។

* សក្តានុពលសេដ្ឋកិច្ច៖

ហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយ ជាមួយនឹងកម្រិតអភិវឌ្ឍន៍ហិរញ្ញវត្ថុខ្ពស់បំផុត និងនៅតែបន្តជាប់ជាតំបន់ដែលមានសេដ្ឋកិច្ចសេរី និងប្រកួតប្រជែងខ្ពស់បំផុតលើពិភពលោក។ ក្នុងនាមជាអង្គភាពពាណិជ្ជកម្មធំជាងគេទី៨ លើពិភពលោក រូបិយប័ណ្ណដុល្លារហុងកុង ជាប់ចំណាត់ថ្នាក់ទី១៣ ក្នុងនាមជាក្រដាស់ប្រាក់ធ្វើពាណិជ្ជកម្មច្រើនជាងគេលើពិភពលោក។

ថ្វីត្បិតមិនមានអធិបតេយ្យភាពពេញលេញជាប្រទេសមួយក្តី តែហុងកុងជាសមាជិករបស់អង្គការពាណិជ្ចកម្មពិភពលោក WTO ព្រមទាំងជាសមាជិករបស់អង្គការ APEC ផងដែរ។ ភាពលេចធ្លោទីបីនៃសេដ្ឋកិច្ចហុងកុង គឺ ការយកពន្ធ ដែលគាំទ្រដោយប្រព័ន្ធតុលាការឯករាជ្យរបស់ខ្លួនផ្ទាល់តែម្តង។ យ៉ាងនេះក្តី ខណៈដែលហុងកុង ជាប្រទេសដែលមានចំណូលខ្ពស់បំផុតមួយលើពិភពលោក ក៏ប្រឈមមុខនឹងប្រាក់ចំណូល ដែលគ្មានសមភាពដ៏ធ្ងន់ធ្ងរមួយ។

ហុងកុងទទួលបានភាពល្បីល្បាញ ដោយសារកំពង់ផែទឹកជ្រៅពីធម្មជាតិរបស់ខ្លួនដែលអាចឱ្យ នាវាដឹកទំនិញអន្តរជាតិចូលដល់ រួមជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃអគារខ្ពស់ៗកប់ពពក។ ហុងកុងមានសន្ទស៍អភិវឌ្ឍន៍មនុស្សខ្ពស់បំផុត ស្របពេលដែលអត្រាសង្ឃឹមរស់របស់ប្រជាពលរដ្ឋក៏យូរជាងគេក្នុងចំណោមប្រទេសផ្សេងទៀតលើពិភពលោកផងដែរ។ ប្រជាពលរដ្ឋ៩០ភាគរយ ប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលចូលរួមចំណែកខ្ពស់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍។ ជាអកុសល ដោយសារប្រទេស ចិន ជាប្រភពដែលបញ្ចេញឧស្ម័នពុលខ្ពស់ចេញពីរោងចក្រឧស្សាហកម្ម ធ្វើឱ្យទឹកដីហុងកុង មានបរិយាសពោរពេញដោយជាតិពុលផងដែរ៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា