(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមាន អ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ មន្ត្រីសង្ឃជាន់ខ្ពស់សាសនាគ្រិស្ដនិកាយ Roman Catholic និងជាទីប្រឹក្សាជាន់ខ្ពស់របស់សម្ដេចប៉ាប Pope Francis ព្រះសង្ឃ George Pell ត្រូវបានប៉ូលិសអូស្រ្ដាលី ចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើកុមារ និងតម្រូវឲ្យចូលបង្ហាញខ្លួននៅចំពោះមុខតុលាការក្នុងទីក្រុង Melbourne នាថ្ងៃទី១៨ ខែកក្កដា ខាងមុខនេះ។ មន្ត្រីសង្ឃជាន់ខ្ពស់ កាតូលិករូបនេះ បានទាត់ចោលរាល់ការចោទប្រកាន់ទំាងឡាយ ដោយអះអាងទៀតថា នឹងធ្វើដំណើរចេញពីបុរីវ៉ាទីកង់ ទៅកាន់អូស្ត្រាលី ដើម្បីបញ្ជាក់ភាពស្អាតស្អំ។
២៖ សភាអាមេរិក កំពុងគិតពិចារណាអំពីការហាមឃាត់ អ្នកទេសចរណ៍អាមេរិកនានា មិនឲ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីមរណៈភាពរបស់និស្សិតវ័យក្មេង Otto Warmbier ដែលបានជាប់គុក១៧ខែនៅកូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាង បានបដិសេធថា ខ្លួនមិនបានធ្វើទារុណកម្មលើនិស្សិតរូបនេះឡើយ ហើយថាការសម្រេចចិត្តដោះលែងគឺ ធ្វើឡើងផ្អែកលើគោលការណ៍មនុស្សធម៌។
៣៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមថានឹងយន្តហោះដ្រូនស៊ើបការណ៍ ដែលមានតម្លៃជាងពីរពាន់លានដុល្លារ ទៅឲ្យប្រទេសឥណ្ឌា ក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះ ចាំបាច់ត្រូវតែទទួលបានការអនុញ្ញាតពីសភាមួយដំណាក់កាលទៀត។ ការយល់ព្រមនេះ ធ្វើឡើងក្រោយលោកត្រាំ ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី នៅសេតវិមានកាលពីប៉ុន្មានថ្ងៃមុននេះ។
៤៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅក្នុងឱកាសចូលរួមពិធីប្រារព្ធខួប២០ឆ្នាំ ដែលអង់គ្លេស ប្រគល់ទីក្រុងហុងកុងមកឱ្យចិនវិញ បានបង្ហាញការប្តេជ្ញាថា រដ្ឋាភិបាលទីក្រុង ប៉េកាំង នឹងជួយគាំទ្រជានិច្ចចំពោះការអភិវឌ្ឍសេដ្ឋកិច្ច នៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) និងលើកស្ទួយសុខុមាលភាពនៃប្រជាជនទាំងអស់របស់ទីក្រុងភាគនិរតីមួយនេះ ផងដែរ។ អង់គ្លេស បានប្រគល់ទីក្រុងហុងកុង ក្រោមទម្រង់គ្រប់គ្រងបែបប្រជាធិបតេយ្យ រដ្ឋមួយប្រព័ន្ធពីរកាលពីឆ្នាំ១៩៩៧។
៥៖ កងទ័ពអូស្រ្ដាលី និងសហរដ្ឋអាមេរិក ៣៣,០០០នាក់ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ នៅថ្ងៃព្រហស្បតិ៍នេះ នៅលើផ្ទៃសាគរប៉ាស៊ីហ្វិក ដើម្បីជាសារមួយផ្ញើ ដល់គូរប្រជែងឥទ្ធិពល នៅក្នុងតំបន់ដ៏មានសក្ដានុពលដូចជាចិន ដែលកំពុងពង្រីកឥទ្ធិពលឥតឈប់ឈរនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង។
៦៖ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល បានរាយការណ៍ថារថយន្តមួយគ្រឿង បានបើកបំបុកខ្លោងទ្វារវិមានប្រធានាធិបតីប្រេស៊ីល ដែលស្ថិតនៅក្នុងរដ្ឋធានីប្រេស៊ីឡា ស្របពេលសម្ពាធ តានតឹងកាន់តែបន្តរីករាលដាលខ្លាំងឡើងៗសម្រាប់លោក Michel Temers ដែលត្រូវបានគេទាមទារឲ្យចុះចេញពីតំណែង ជាមេដឹកនាំប្រទេសអាមេរិកឡាទីនមួយ បន្ទាប់លេចលឺ ថាលោកមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ៕