(សេអ៊ូល)៖ ប្រធានាធិបតីដ៏មានប្រជាប្រិយភាពរបស់កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានប្តេជ្ញានៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងរិះរកគ្រប់វិធីទាំងអស់ ដើម្បីជម្រុញឲ្យប្រទេសកូរ៉េខាងជើង លះបង់ចោលកម្មវិធីផលិតអាវុធនុយក្លេអ៊ែរទាំងស្រុងតែម្តង ដើម្បីស្តារឡើងវិញនូវសន្តិសុខ និងសន្តិភាពនៃតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។
ការថ្លែងរបស់ លោក មូន ជែអ៊ីន ខាងលើនេះបានធ្វើឡើងនៅក្នុងបទអត្ថាធិប្បាយមួយ ដើម្បីស្វាគមន៍ទិវារំលឹកខួបឆ្នាំទី៣ នៃការបង្កើតគំនិតរួបរួមជាតិ ដែលមានក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងជាសហប្រធាន។ បច្ចុប្បន្ននេះ លោក មូន ជែអ៊ីន កំពុងតែស្ថិតនៅសហរដ្ឋអាមេរិក ដើម្បីបំពេញដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ដោយក្នុងនោះ លោកនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាបញ្ហាជាច្រើនរវាងសម្ព័ន្ធមិត្តកាត់ទឹកមិនដាច់ទាំងពីរ ជាពិសេសបញ្ហាកូរ៉េខាងជើងតែម្តង។
គួរបញ្ជាក់តាមសម្តីរបស់ លោក មូន បានបញ្ជាក់ថា ការដោះស្រាយបញ្ហាប្រកបដោយសន្តិភាពជាមួយនឹងប្រទេសកូរ៉េខាងជើង គឺមិនមែនជាជម្រើសនោះទេ ប៉ុន្តែវាជារឿងដែលមិនអាចមើលរំលងបាន សម្រាប់ប្រទេសកូរ៉េទាំងពីរ ដើម្បីគោលដៅធ្វើឲ្យមានការរីកចំរើនប្រកបដោយចីរភាព និងអនាគតប្រកបដោយសន្តិភាព សម្រាប់ក្មេងៗជំនាន់ក្រោយរបស់យើង៕