(អ៊ីស្រាអែល)៖ អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Ehud Olmert ដែលបានអនុវត្តន៍ទោសជាប់ពន្ធនាគារ អស់រយៈពេលជាង ២៧ខែមកហើយនេះពីបទពុករលួយ នឹងត្រូវបានដោះលែងឱ្យមានសេរីភាពមុនកាលកំណត់ បន្ទាប់ពីលោកបានទទួលជោគជ័យ ក្នុងការជជែកដេញពីការជជែងដេញដោល រឿងក្តីរបស់លោកឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមសម្តីមេធាវីម្នាក់របស់លោក ដកស្រង់ដោយសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមស្ថានីយ៍វិទ្យុ Israel Radio លោក Ehud Olmert អាចនឹងត្រូវបានដោះលែងឱ្យមានសេរីភាព នៅថ្ងៃអាទិត្យនេះ ក្រោយគណៈកម្មាធិការកំណត់លក្ខខណ្ឌ ដោះលែង (អ្នកទោស) បានសម្រេចចិត្តបន្ធូរបន្ថយទោសឱ្យរូបលោក ហើយដែលការអនុវត្តន៍បែបនេះ តែងតែធ្វើឡើងនៅក្នុងប្រទេសអ៊ីស្រាអែល សម្រាប់អ្នកទោសមិនបានប្រព្រឹត្តបទឧក្រិដ្ឋដោយអំពើហិង្សា។ ក៏ប៉ុន្តែ ការដោះលែងនេះអាចនឹងត្រូវពន្យាពេល បើសិនជាក្រុមរដ្ឋអាជ្ញាសម្រេចចិត្តប្ដឹងឧទ្ធរណ៍។ នេះបើតាមលោកមេធាវី Shani Eluz។
លោក Shani Eluz បានបន្ថែមទៀតថា «គណៈកម្មាធិការកំណត់លក្ខខណ្ឌដោះលែង (អ្នកទោស) បានទទួលយកការសំអាងរបស់យើង ដូច្នេះលោក Olmert អាចនឹងត្រូវបានដោះលែ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ... គាត់ពិតជាសប្បាយរីករាយណាស់ ហើយគាត់ក៏សង្ឃឹមដែរថា ក្រុមរដ្ឋអាជ្ញានឹងមិនដាក់ពាក្យប្ដឹងឧទ្ធរណ៍នោះទេ»។
គួររំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លោក Ehud Olmert អាយុ៧១ឆ្នាំ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល០៦ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយដោយ ទទួលសំណូកពីក្រុមអ្នកវិយោគផ្នែកអចលទ្រព្យ នៅអំឡុងពេលលោកកាន់តំណែងជាអភិបាលក្រុង ពោលគឺនៅមុនពេលលោកជាប់ឆ្នោត ជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩៕