(បរទេស)៖ អង្គការ NASA សហការជាមួយសាកលវិទ្យាល័យអាមេរិក Stanford បានធ្វើការអភិវឌ្ឍ​ប្រភេទរ៉ូបូត​ថ្មីមួយ ដើម្បី​ជួយ​​បោស​សម្អាត​​សំរាមអវកាស​ដ៏ច្រើនសន្ធឹកសន្ធាប់​ ចេញពីគន្លងជុំវិញ​ភពផែនដី។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Telegraph នៅ​​រសៀល​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។

បច្ចុប្បន្ននេះ​មានម្ទេចកម្ទីរ​នៃវត្ថុ​ ដែលផលិតឡើងដោយមនុស្សប្រមាណ ៥០០,០០០បំណែក កំពុលតែលតោល​ជុំវិញភព​របស់យើង នៅក្នុង​ល្បឿនមិន​សូវជាយឺតប៉ុន្មាននោះឡើយ ពោលគឺជិត ៣០,០០០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ ហើយអ្នក​ជំនាញជាច្រើន​បានព្យាករណ៍ថា ប្រសិនបើ​បញ្ហាដ៏សំខាន់នេះ នៅតែមិនត្រូវ​បានដោះស្រាយ​ឲ្យបានឆាប់ទេនោះ វាអាចបង្ក​ការរះរាំងស្ទះ​ដល់បេសកកម្ម​ទៅកាន់ទីអវកាសនា​ពេលអនាគត​ខាងមុខបាន។ ម៉្យាងវិញទៀត កាកសំណល់​ទាំងនោះ រួមមានផ្កាយរណប​ខូចៗ កម្ទេចកម្ទីរ​នៃយានអវកាស និងបំណែក​គ្រាប់​រ៉ុក្កែត​ដែល​ប្រើ​ប្រាស់រួចជាដើម បានបង្ក​ការគំរាមកំហែង​រួចជាស្រេចទៅហើយដល់ ប្រព័ន្ធទូរគមនាគន៍ យានអវកាស និង​ក្រុមអវកាសយានិក​ជាដើម។

ដោយឡែកការ​ចាប់ប្រមូលយក​សំរាមទាំងនោះ គឺពុំមែនជាកិច្ចការ​ងាយស្រួលឡើយនៅក្នុង​លំហអាកាស ដោយសារតែ​សារធាតុចាំ​បាច់​មួយចំនួន មិនដំណើរ​ការ ឬមានប្រសិទ្ធភាព​នៅក្នុងទីអវកាស​នោះទេ។ ក៏ប៉ុន្តែ NASA និង​សាកលវិទ្យាល័យ Standford ក្នុងអំឡុងពេល​ជាច្រើនឆ្នាំ​​កន្លង​មក​នេះ ​បានសម្ងំអភិវឌ្ឍន៍​ម៉ាស៊ីនរ៉ូបូតស៊េរីថ្មី​មួយប្រភេទ ដើម្បីជួយសម្រួល​ ក៏ដូចជាដោះស្រាយបញ្ហា​បោសសម្អាតសំរាមអវកាសនេះ។ រ៉ូបូត​នោះ​​ត្រូវបានរចនាឡើង ដោយយកតាមលំនាំជើង​របស់សត្វតុកកែ ដែលអាចនៅជាប់នឹង​ជញ្ជាំងបាន។

រ៉ូបូតដែល​ជាប្រភេទចាប់យកនោះ ត្រូវបានចាប់ផ្តើម​អភិវឌ្ឍន៍ឡើងចាប់​តាំងពីប្រមាណជា ១០ឆ្នាំមុនមកម្ល៉េះ ហើយក្រុមការងារ​នៃគម្រោងនេះ ក៏បានបញ្ជូន​ម៉ាស៊ីនរ៉ូបូតឡើងទៅកាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ (ISS) ផងដែរ ហើយពួកគេមានការពេញចិត្ត និងត្រេកអរ​ជាខ្លាំងជាមួយ​និងលទ្ធផលដែលទទួលបាន។ ចំណែក​ជំហាន​បន្ទាប់ទៀតវិញ គឺការសាកល្បង​ឧបករណ៍បោស​សម្អាត​សំរាមអវកាសនេះ នៅក្នុង​លំហអាកាស​ផ្ទាល់តែម្តង។

គួរបញ្ជាក់ថា អង្គការ NASA និងសាកល​វិទ្យាល័យ Standford ក៏កំពុងតែធ្វើការ​ទៅលើជំនាន់ថ្មី​មួយផ្សេងទៀត នៃឧបករណ៍​រ៉ូបូតនេះ ដែល​មានសមត្ថភាព​អាចធន់នឹងកម្រិត​វិទ្យុសកម្មដ៏ខ្ពស់ៗ​ នៅទីអវកាសបានផងដែរ៕