(វ៉ាទីកង់)៖ បន្ទាប់ពីត្រូវបានប៉ូលិសអូស្រ្តាលីប្រកាសចោទប្រកាន់ចំៗ ពីបទរំលោភបំពានផ្លូវភេទលើកុមារនោះ មន្ត្រីសង្ឃជាន់ខ្ពស់នៃសាសនាគ្រិស្ដនិកាយ Roman Catholic និងជាទីប្រឹក្សាជាន់ខ្ពស់របស់សម្ដេចប៉ាប Pope Francis ព្រះសង្ឃ George Pell បានធ្វើការឆ្លើយតបទៅវិញភ្លាមៗថា នឹងចាកចេញពីបុរីវ៉ាទីកង់ ហើយវិលត្រឡប់ទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ នាពេលឆាប់បំផុតតាមតែអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Telegraph នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។
ស្នងការរងប៉ូលិសអូស្រ្ដាលី លោក Shane Patto បានប្រកាសថា «ព្រះសង្ឃ Cardinal Pell ត្រូវបានចោទប្រកាន់ ហើយតម្រូវឲ្យមកបង្ហាញខ្លួននៅចំពោះមុខតុលាការក្នុងទីក្រុង Melbourne នាថ្ងៃទី១៨ ខែកក្កដា ខាងមុខនេះ»។ ក្រោយពីបានជ្រាបអំពីការសម្រេចចិត្ត និងចំណាត់ការបែបនេះរបស់ប៉ូលិសរដ្ឋ Victoria ព្រះសង្ឃ Pell បានចោទច្រានចោលការចោទប្រកាន់ទាំងអស់សាជាថ្មីម្តងទៀត ហើយបញ្ជាក់ថា នឹងធ្វើដំណើរទៅកាន់អូស្រ្តាលីឲ្យបានឆាប់បំផុត ដើម្បីការពារក៏ដូចជាបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន នៅចំពោះមុខតុលាការទីក្រុង Melbourne។
គួរបញ្ជាក់ថា បើតាមលោក Shane Patton មានមនុស្សជាច្រើនបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងព្រះសង្ឃ George Pell ក៏ប៉ុន្តែលោកបានបដិសេធបញ្ជាក់ពីអត្តសញ្ញាណ រួមទាំងអាយុរបស់អ្នកប្ដឹង៕