(​ស៊ីដនី)៖ អូស្រ្ដាលី និងសហរដ្ឋអាមេរិក​បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា​រួមគ្នាទ្រង់ទ្រាយធំ នៅថ្ងៃព្រហស្បតិ៍នេះ សំដៅបង្ហាញកម្លាំង​ទ័ពដ៏ធំ​នៅលើផ្ទៃសាគរ ដើម្បីជាសារ​មួយផ្ញើដល់​គូប្រជែង​ឥទ្ធិពលនៅក្នុងតំបន់ដ៏មាន​សក្ដានុពល​ដូចជាចិន ដែលទើបតែ​បានបញ្ចេញ​នាវាពិឃាត​ជំនាន់ថ្មី​របស់ខ្លួន កាលពីថ្ងៃពុធ​ម្សិលមិញ ខណៈមាន​ការរំពឹងថា ទីក្រុងប៉េកាំង​អាចនឹ​ងប្រើប្រាស់នាវានេះ ក្នុងការពង្រីកឥទ្ធិពល​នៅតំបន់សមុទ្រ​ចិនខាងត្បូងជាមិនខាន។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។

សមយុទ្ធយោធានេះ មានការចូលរួមពី​កងទ័ពអូស្ត្រាលី និងអាមេរិក​ជាង ៣៣,០០០នាក់ នៅលើនាវា​ចម្បាំងជាច្រើនគ្រឿង​ ផ្ទុកសុទ្ធតែយន្ដហោះចម្បាំងទំនើបៗ។ អ្វីដែលគេ​កត់សម្គាល់ សមយុទ្ធ​ទ្រង់ទ្រាយ​ធំនេះ ធ្វើឡើងនៅ​ចំពេលដែល​ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង​កំពុងពង្រីក​ឥទ្ធិពលរៀងៗ​ខ្លួន នៅក្នុងជម្លោះ​តំបន់​សមុទ្រខាងត្បូង ជាទីដែល​អ្នកជំនាញមួយ​ចំនួនយល់ថា អាចនឹងក្លាយ​ជាចំណុច​ចាប់ផ្ដើម​ នៃការប្រឈមមុខ​ដាក់គ្នា​ដោយកម្លាំង​យោធា រវាងមហាអំណាច​ទំាងពីរនៅ​ថ្ងៃណាមួយ។

ដោយឡែក ឆ្លើយតបទៅ​នឹងសំណួរ​អ្នកសារព័ត៌មានថា ចិននឹងមាន​ប្រតិកម្មយ៉ាងណា លោកឧត្ដមនាវីអាមេរិក ​Harry Harris បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា នេះគឺជាសារមួយផ្ញើ​ជូនមិត្ត ឬសម្ព័ន្ធមិត្តរបស់​យើង ក៏ដូចជាគូប្រជែង​ដ៏ធំរបស់យើង​នៅក្នុងតំបន់»

គួរបញ្ជាក់ថា ទំនាក់ទំនង​រវាងសហរដ្ឋអាមេរិក និងចិន​បានស្គាល់ភាពតានតឹងនឹងគ្នា​យ៉ាងខ្លាំង នារយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោយនេះ ជុំវិញសំណុំរឿងសមុទ្រចិន​ខាងត្បូងដែល ទីក្រុងប៉េកាំង​អះអាងថា ជាទឹកដីរបស់ខ្លួន​ស្ទើរតែ​ទំាងស្រុង រីឯទីក្រុង​វ៉ាស៊ីនតោន​ក៏កំពុងឈរ​នៅពីក្រោយ​បណ្ដាប្រទេស​ ជាភាគីជម្លោះ​ផ្សេងទៀតដូចជា តៃវ៉ាន់ ហ្វីលីពីន វៀតណាម ព្រុយណេ និងម៉ាឡេស៊ី ដើម្បីទប់ស្កាត់​ឥទ្ធិពលចិន​នៅក្នុងតំបន់៕