(ប៉ាគីស្ថាន)៖ ចំនួនអ្នកស្លាប់ នៅក្នុងហេតុការណ៍ឆេះរថយន្តដឹកប្រេង ដែលបានកើតឡើងនៅក្នុងស្រុក Bahawalpur ខេត្ត Punjab ភាគខាងកើត ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យកន្លងទៅ បានកើនឡើងដល់១៦២នាក់ហើយ។ នេះបើតាមប្រភពពីក្រុមមន្ត្រីមន្ទីរពេទ្យ ចេញផ្សាយដោយសារព័ត៌មាន ស៊ិនហួ នាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោក Aamir Bukhari ប្រធានសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ Victoria Hospital Bahawalpur បានប្រាប់ឲ្យដឹងថា ក្រោយហេតុការណ៍ផ្ទុះឆេះកើតឡើង មានសាកសព១២៥នាក់ ដែលមើលមិនស្គាល់ ត្រូវបានរកឃើញ និង១៤៤នាក់ទៀត បានទទួលរងរបួស ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យ ខណៈ៣៧នាក់ នៃពួកគេបានស្លាប់បាត់បង់ជីវិត គិតចាប់តាំងពីថ្ងៃកើតហេតុ។ ក្រុមមន្ត្រីមន្ទីរពេទ្យបានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចមានការកើនឡើងបន្ថែមទៀត ខណៈ១៨នាក់ ក្នុងចំណោមអ្នករងរបួសទាំង១០៧នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
សូមជម្រាបថា សាកសពជាង១០០នាក់ ត្រូវបានកប់ហើយ បន្ទាប់ពីរៀបចំបុណ្យតាមប្រពៃណី និងមានការព្រមព្រៀងពីក្រុមគ្រួសារ៕